ដោយ: ប.ខុន / ភ្នំពេញ: ត្រីសម្រាប់ធ្វើប្រហុកមកដល់នឹងថ្ងៃ៤កើតខែមិគសិរនេះ មិនទាន់ឃើញមានចូលមាត់ដាយនៅឡើយទេ តែចាប់បានត្រីច្រកែងខ្លះៗ ដោយក្នុងមួយយប់អាចរកបានជាង១០គីឡូក្រាមដែរ។ នេះបើតាមអ្នកគ្រប់គ្រងគន្លងដាយនៅជួរលេខ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០។
បុរសឈ្មោះ ម៉ូត ហូសាន់ ដែលជាអ្នកធ្វើអាជីវកម្មជួលគន្លងដាយត្រីជួលពីរដ្ឋ បាននិយាយឱ្យដឹងទៀតថា ត្រីធំចាប់បានមួយឬពីរក្បាល ក្នុងរយៈពេលមួយម៉ោងលើកឌុក(កន្ទុយដាយ)ម្តង តែត្រីតូចៗ ដែលជាប្រភេទត្រីប្រហុកមិនទាន់មានទេ។ មួយយប់ចាប់បានត្រីប្រហែល១០គីឡូក្រាម តែតម្លៃត្រីលក់បានថ្លៃអាច ដោះស្រាយបានសម្រាប់ការចំណាយលើកម្មករដែលងាយស្រួលរកជួលបានជាងមុន។ នៅ ពេលនេះមិនទាន់មានអ្នកណាអូសបែរទៅកាន់កណ្តាលទន្លេនៅជាប់នឹងដាយនៅឡើយទេ ដោយសារត្រីមិនទាន់ត្រូវ ទឹកហូរខ្លាំងមានកំប្លោកអណ្តែត ចុះមកច្រើនខ្លាចគ្រោះថ្នាក់។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ថា ត្រីតាមគន្លងដាយមិនទាន់មានត្រូវនៅឡើយទេ និងក៏មិនទាន់មានអ្នកណាអូសបែរ(ផ្ទះបណ្តែតទឹក) ទៅកាន់គន្លងដាយនៅកណ្តាលទន្លេនៅឡើយដែរ។
នាយខណ្ឌរដ្ឋបាលជលផលខាងលើនិយាយឱ្យដឹងទៀតថា គន្លងដាយនៅរាជធានីភ្នំពេញមិនមានអ្នកជួលធ្វើនៅឆ្នាំនេះ មានចំនួន១២ នៅខេត្តកណ្តាលចំនួន២០។ គន្លងដាយ ដែលបានធ្វើអាជីវកម្មទាំងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឆ្នាំនេះមានចំនួនប្រមាណជា២០គន្លងដាយត្រី៕