ដោយ: សរិទ្ធ / ភ្នំពេញ: កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្នាក់ កាលពីល្ងាចថ្ងៃទី១៨វិច្ឆិកា២០២០ ចំណុចក្រុមហ៊ុនលក់គ្រឿងសង្ហារឹមអេលីស ក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយយោងតាមពាក្យបណ្តឹងក្រុមហ៊ុនដែលបានចោទប្រកាន់ថាយកម៉ូតូក្រុមហ៊ុនទៅបញ្ចាំ។
ជនសង្ស័យ ឈ្មោះ ភិន សុភី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២០ ម៉ោង៥ និង៣០នាទីល្ងាច ជនសង្ស័យបានយកម៉ូតូក្រុមហ៊ុនអេលីស ទៅបញ្ចាំបានប្រាក់ចំនួន៦០ដុល្លារ យកទៅចាយវាយអស់ ទើបខាងក្រុមហ៊ុនបានហៅឲ្យចូលមកសួរនាំរួចឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕