ដោយ: ពៅនិមល / ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សម្រាប់ប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនរៀល ក្នុងមួយខែ រដ្ឋផ្តល់ជូនចំពោះសិក្ខាកាមដែលចុះចូលរៀនវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)តែប៉ុណ្ណោះ ជាពិសេសសម្រាប់កម្មករនិយោជិតដែលព្យួរការងារ និងបាត់បង់ការងារធ្វើដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។
មានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា “គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល គឺយើងចង់បណ្តុះបណ្តាលជំនាញថ្មីមួយជូនគាត់ ឬក៏ហៅថាលើកកម្ពស់ជំនាញគាត់ដែលមានស្រាប់ ដើម្បីឱ្យគាត់អាចទៅធ្វើការកន្លែងផ្សេងក្រៅពីរោងកច្រអាចប្រកបមុខរបរបាន ហើយក៏អាចធ្វើឱ្យផលិតភាពការងារខ្ពស់ជាងគេនៅពេលគាត់មានជំនាញ មួយទៀតយើងអាចដោះស្រាយសម្រួលការរស់នៅរបស់គាត់តាមរយៈការឧបត្ថម្ភប្រាក់ចំនួន ២០ម៉ឺនរៀល ក្នុងមួយខែ នៅពេលដែលគាត់បាត់បង់ដោយគាត់ព្យួរនឹង គឺយើងជួយសម្រួលជីវភាពរស់នៅរបស់គាត់មួយកម្រិតទៀត ដូច្នេះការផ្តល់ជំនាញ យើងនឹងអាចជួយសម្រួលដល់ការរស់នៅគាត់កម្រិតណាមួយ ក្រៅពីនេះយើងក៏ជួយស្វែងរកការងារថ្មីជូនគាត់ បន្ទាប់មកយើងក៏មានក្រុមការងារប្រឹក្សាយោបល់ពីការបើកអាជីវកម្មជូនគាត់ក្រោយគាត់រៀនចប់ ឬក៏គាត់អាចរៀនបន្ថែមទៀតដើម្បីឱ្យគាត់មានកម្រិតខ្ពស់ជាងនេះទៀតក៏បាន“។ លោកបន្តទៀតថា “ជំហាននេះយើងដោះស្រាយជូនពួកគាត់សិន ដោយសារយើងមានប្រាក់ឧបត្ថម្ភ ដើម្បីសម្រួលដល់ការរស់នៅរបស់គាត់ដូច្នេះគោលដៅរបស់យើង គឺជ្រើសរើសអ្នកដែលព្យួរការងារដោយសាររោងចក្របិទប៉ុន្តែបិទដោយទទួលស្គាល់ពីក្រសួងការងារ មានន័យថា បើគាត់ព្យួរដោយខ្លួនគាត់អត់មានការអនុញ្ញាតត្រឹមត្រូវពីក្រសួង ដល់ពេលបិទ បិទខ្លួនគាត់ អត់មានក្រសួងការងារទទួលស្គាល់ក៏អត់បានដែរ ព្រោះសម្រាប់ការព្យួររបស់រោងចក្រ សហគ្រាសនីមួយៗគឺមានកិច្ចសន្យាត្រឹមត្រូវជាមួយកម្មករនិយោជិត ហើយបញ្ចប់បញ្ឈប់ក៏មានកិច្ចសន្យាបញ្ឈប់កម្មករនិយោជិតដែរ ញ្ចឹងយើងជួយដោះស្រាយជូនពួកគាត់។” លោកបញ្ជាក់ថា ចំពោះការផ្តល់វគ្គបណ្តុះបណ្តាលនេះ កម្មករនិយោជិតព្យួរការងារក្រៅពីវិស័យកាត់ ក៏មានអាទិភាពដែរចំពោះវិស័យទេសចរណ៍ អាកាសចរណ៍ និងវិស័យផ្សេងៗទៀត។
លោក ថង សាម៉ុន លើកឡើងថា គិតមកដល់ពេលនេះចំនួនអ្នកចុះឈ្មោះរៀនមិនទាន់មានតួលេខជាក់លាក់នៅឡើយទេ ដោយសារក្រសួងទើបចេញសេចក្តីជូនដំណឹងបានចំនួន០៣ថ្ងៃ ពួកគាត់បានខលសាកសួរព័តមាន មួយចំនួនផ្សេងទៀតសាលាផ្ទាល់និងមើលជំនាញដែលត្រូវរៀន ដោយម្នាក់ៗ(ក្រុមការងារ)ទទួលទូរស័ព្ទរាប់រយ ដល់រាប់ពាន់នាក់ដែលសាកសួរព័តមាន។ ដោយឡែក ចំពោះការកំណត់ថ្ងៃចូល លោកបន្តថា “មិនទាន់កំណត់បាននៅឡើយទេ បានន័យថាមួយវគ្គដែលគិតថាមាន២០នាក់ ចុះឈ្មោះគ្រប់យើងនឹងបង្រៀន យើងអត់ចាំទាំងអស់គ្នាទេ មានមួយវគ្គបើកមួយវគ្គ បានមួយថ្នាក់បើកមួយថ្នាក់។“
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត មានរយះពេល០៤ខែ (ព្រឹក-ល្ងាច) ដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនសំខាន់ៗ ដូចជា៖ តបណ្តាញអគ្គិសនី, ជួសជុលនិងថែទាំរថយន្ត, ជំនាញធ្វើម្ហូប, ឆុងកាហ្វេ និងភេសជ្ជះ, ជំនាញដុតនំបុ័ង, ជំនាញក្រឡុកស្រា, ការកែច្នៃបន្លែ និងផ្លែឈើ និងកែសម្ជស្ស សំអាង និងសាឡន-ល- ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។ ក្នុងអំឡុងពេលបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់ចំណាយលើការហូបចុក និងស្នាក់នៅ៕