ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រោយការចាកចេញពីសហភាពអឺរ៉ុប របស់ប្រទេសអង់គ្លេស (Brexit): វិធានថ្មីសម្រាប់ឆ្នាំ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ របស់អង់គ្លេស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ត្រូវបានគេរំពឹងថាកម្ពុជាអាចនឹងទទួលបាន ការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។ នេះបើតាមការឱ្យដឹងរបស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
យោងតាមសារណែនាំរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី១៩ ខែវិច្ឆិកានេះបានឱ្យដឹងដោយយោងទៅលើផ្នែកនៃអន្តរកាល នៃការចាកចេញពីសហភាពអឺរ៉ុប របស់ប្រទេសអង់គ្លេស (Brexit): វិធានថ្មីសម្រាប់ ឆ្នាំ២០២១ ដែលចេញដោយនាយកដ្ឋាន ពាណិជ្ជកម្មអន្តរជាតិ របស់អង់គ្លេស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រទេសអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពី Brexit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ប្រទេសដែល មានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍន៍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។ ប្រព័ន្ធ GSP របស់អង់គ្លេសនេះ ដំបូងនឹងផ្តល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូច GSP របស់ សហភាពអឺរ៉ុបដែរ។ ប្រព័ន្ធ GSP របស់អង់គ្លេស នឹងមានក្របខ័ណ្ឌចំនួន៣៖ ក្របខ័ណ្ឌប្រទេស អភិវឌ្ឍតិចតួចបំផុត, ក្របខ័ណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។ កម្ពុជា ដែលត្រូវបានចាត់ថ្នាក់ ដោយអង្គការសហប្រជាជាតិថា ជាប្រទេសអភិវឌ្ឍតិចតួចបំផុត គឺស្ថិតនៅក្នុងក្របខ័ណ្ឌ ប្រទេសអភិវឌ្ឍតិចតួចបំផុត។ ហេតុដូច្នេះ កម្ពុជា នឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេស សម្រាប់ទំនិញទាំងអស់លើកលែងតែ អាវុធនិងគ្រឿងផ្ទុះ។ នេះគឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុប។
សមាគម កំពុងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីអង់គ្លេស ដើម្បីសុំការ បំភ្លឺអំពីការផ្លាស់ប្តូរមួយចំនួន នៅក្នុងនីតិវិធីរដ្ឋបាល (ប្រសិនបើមាន) ដូចជាការបញ្ជាក់ ប្រភពដើមកំណើតទំនិញ កាលបរិច្ឆេទចូលជាធរមាននៃការអនុវត្ត (ថាតើកាលបរិច្ឆេទនៃការ ដឹកជញ្ជូន ឬកាលបរិច្ឆេទ នៃការទៅដល់)។ GMAC នឹងផ្តល់ព័ត៌មានបន្ថែមសមាជិកនៅពេល ទទួលបានការបំភ្លឺ៕PC/សរន