ដោយ:ដេប៉ូ/ភ្នំពេញ: ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យមានការគំរាមកំហែង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិ ពេលបច្ចុប្បន្ន និងអនាគត ខណៈកម្ពុជាទទួលផលប៉ះពាល់ខ្លាំង ពីការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានបាតុភូត ធម្មជាតិ។ នេះបើតាមការបញ្ជាក់ពីលោក ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន
។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ តាមប្រព័ន្ធអនឡាញស្តីពី «ការស្វែងយល់ទស្សនៈសាធារណជន ចំពោះការប្រែប្រួល អាកាសធាតុនៅកម្ពុជា ៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត» លើកទី៣ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទិន ពន្លក បានឱ្យដឹងថា «ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឲ្យមានការគំរាមកំហែង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគតខណៈប្រទេស កម្ពុជាទទួលផលប៉ះពាល់ខ្លាំងពីការ ប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានបាតុភូតធម្មជាតិ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះធ្ងន់ធ្ងរ កំណើនកម្ពស់ទឹកសមុទ្រ ជាដើម»។
ជាមួយគ្នានេះលោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ តាមរយៈគោលន យោបាយផែនការយុទ្ធសាស្ត្រ និងការចូលរួមនានា ទាំងក្នុងកម្រិតជាតិ និងតំបន់។លោកថា នាយកដ្ឋានប្រែប្រួលអាកា សធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថានកន្លងមក បានធ្វើការសិក្សានេះ ចំនួន២ដងរួមមកហើយ ពោលគឺលើកទី១ នៅឆ្នាំ២០១១ និងលើកទី២ នៅឆ្នាំ២០១៦ ព្រមទាំងលើកទី៣នេះ នៅឆ្នាំ ២០២០។
លោកលោក ទិន ពន្លកបានបញ្ជាក់បន្ថែមទៀតថា ការសិក្សាស្រាវជ្រាវ ដោយផ្អែកលើ លទ្ធផល នៃការវិភាគបែបវិទ្យាសាស្ត្រ ស្របតាមស្ថានភាពបច្ចុប្បន្ន ពិតជាមានសារៈសំខាន់ ក្នុងការចូលរួមចំណែក ក្នុងការកសាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ៕