ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ម៉ាយឃើល តាន គេង ស៊ុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត សិង្ហបុរី ប្រចាំកម្ពុជាបានលើកឡើងថា បន្ទាប់ពីជំងឺរាតត្បាត មានភាពធូរស្រាល លោកជឿជាក់ថា នឹងមានវិនិយោគិនសិង្ហបុរីជាច្រើនមកវិនិយោគនៅកម្ពុជា ពិសេសលើវិស័យសំណង់ លំនៅឋាន និងអចលនទ្រព្យ។
ការលើកឡើងនេះគឺធ្វើឡើង ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងរៀបចំដែនដី។
លោកទូតបាន សម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំ វិធានការត្រឹមត្រូវទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃជំងឺរាតត្បាត កូវីដ១៩ ។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថាមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា មានមោទនភាពយ៉ាងខ្លាំងក្នុងការបំបេញបេសកកម្មនៅកម្ពុជាដែលអាចទទួលបាននូវ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើដំណើរ និងប្រកបការងារប្រចាំថ្ងៃក្នុងខណៈពេលដែល ប្រជាជនក្នុងបណ្តាប្រទេសជាច្រើនលើសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកល នេះ។
នាឱកាសនោះ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់លោក ឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលបានផ្តល់នូវសច្ចភាពដល់កម្ពុជាចំពោះភាពជោគជ័យរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃការរាតត្បាតជាសាកលជំងឺ Covid-19 និងសូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជិវិតប្រជាជនសិង្ហបុរីចំនួន ២៨ នាក់ផងដែរ ៕PC