ប្រែសម្រួលៈវាសនា/បាងកក៖នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាទៅបណ្តាទីភ្នាក់ងារសន្តិសុខអោយបង្ក្រាបពួកអ្នកប្រឆាំងតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅពេលតែប៉ុន្មានថ្ងៃក្រោយប៉ូលិសបាញ់ទឹកនិងឧស្ម័នហៀរទឹកភ្នែកអ្នកបាតុករនិងនៅពេលតែប៉ុន្មានម៉ោងក្រោយពួកអ្នកប្រឆាំងតវ៉ានាំគ្នាទៅដល់ស្នាក់ការធំរបស់ប៉ូលិសនៅក្រុងបាងកកនិងជះទឹកថ្នាំដាក់ស្លាកប៉ូលិសនៅមាត់ទ្វារស្នាក់ការនោះអោយប្រឡាក់ខ្ទេច។
ប្រទេសនេះបានជួបការប្រឆាំងតវ៉ាទាមទារអស់ពេលជាច្រើនខែមកហើយ ដោយពួកបាតុករដឹកនាំដោយចលនានិស្សិត ទាមទាររដ្ឋធម្មនុញ្ញថ្មីមួយ កែទំរង់របបរាជានិយម និងនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង។
ការប៉ះទង្គិចគ្នារវាងអ្នកប្រឆាំងតវ៉ានិងពួករាជានិយមប្រកាន់តឹងកាលពីថ្ងៃអង្គារ បានកត់សំគាល់កំណើននៃអំពើហិង្សា ដោយមនុស្ស៦នាក់រងរបួសដោយត្រូវគ្រាប់កាំភ្លើង។
នៅមួយថ្ងៃក្រោយមក គឺថ្ងៃពុធម្សិលមិញមនុស្សប្រមាណ២០.០០០នាក់បានមកជួបជុំនៅសង្កាត់លក់ដូរធំក្នុងក្រុងបាងកក ហើយពួកគេបានរសេរពាក្យស្លោកប្រឆាំងស្តេចនៅក្រៅស្នាក់ការប៉ូលិសជាតិ។ពួកគេក៏បានជះទឹកថ្នាំលាបលើស្លាកប៉ូលិសធ្វើអោយប្រឡាក់គ្មានៅសល់កន្លែង។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា «សភាពការណ៍នៅតែមិនទាន់អាចដោះស្រាយបានតាមទិសដៅល្អណាមួយ ហើយទំនងជានឹងមានជម្លោះច្រើនទៀតដែលនាំដល់អំពើហិង្សាបន្ថែម។បើទុកចោល….វានឹងបំផ្លាញប្រទេសជាតិ និងស្ថាប័នគោរពស្រឡាញ់បំផុត»។
លោកបានបញ្ជាក់ថា បណ្តាទីភ្នាក់ងាររដ្ឋាភិបាលនិងសន្តិសុខ ចាំបាច់«បង្កើនការប្រតិបត្តិរបស់គេ» និងអនុវត្តគ្រប់វគ្គខណ្ឌនៃច្បាប់ទាំងអស់។
ពាក្យសម្តីរបស់លោកប្រាយុទ្ធ មានន័យថា នឹងមានការចោទប្រកាន់មនុស្សច្រើនឡើងនៅក្រោមច្បាប់ប្រមាថស្តេចដ៏តឹងរឹង របស់ប្រទេស៕
ប្រាយុទ្ធ ៖ ត្រូវតែប្រើគ្រប់ច្បាប់ដែលមានដើម្បីប្រឆាំងពួកប្រឆាំងតវ៉ាខុសច្បាប់
កម្មករសម្អាតនិងជួសជុលស្លាកប៉ូលិសជាតិឡើងវិញនៅថ្ងៃ១៩វិច្ឆិកា ក្រោយត្រូវបាតុករជះថ្នាំដាក់កាលពីយប់