ដោយ: ពៅនិមល / ភ្នំពេញ: ជាការកត់សម្គាល់ក្នុងរយះពេលចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាបានបញ្ជារទិញទំនិញ តាមប្រព័ន្ធអនឡាញ (Online)ពីក្រៅស្រុក ដែលបញ្ហានេះបានកំពុងពេញនិយម និងធ្វើឲ្យបញ្ញើតាមរយៈប្រៃសណីយ៍មានកំណើនផងដែរ ដែលកត្តាទាំងនេះបង្ហាញពីភាពជឿនលឿន ពិសេសទំនុកចិត្តមកលើប្រៃសណីយ៍ដែលផ្តល់នូវប្រព័ន្ធអ៊ីនធើណេតល្អប្រសើរជាងមុន។
លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅបានឱ្យដឹងថា បញ្ញើរទាំងនៅក្នុងស្រុក និងក្រៅប្រទេសក្នុងរយះពេលប៉ុន្មានឆ្នាំក្រោយនេះមានការកើនឡើងដែលបញ្ហាទាំងអស់នេះកើតចេញពីសេចក្តីទុកចិត្ត ការផ្តល់ទាន់ពេលវេលា ជាពិសេសប្រៃសណីយ៍កម្ពុជាមានប្រព័ន្ធមួយឈ្មោះថា អ៊ីអិមអេស (EMS) ដែលអាចធ្វើឲ្យអថិតិជនឆែកមើលអីវ៉ាន់បញ្ញើរបស់ខ្លួនទៅដល់គោលដៅណាមួយ ដែលបញ្ហានេះធ្វើឲ្យជនបរទេសចូលចិត្តផ្ញើតាមប្រៃសណីយ៍កកម្ពុជា ជាងវិស័យឯកជន។
លោកឱ្យដឹងទៀតថា បើទោះបីជាឆ្នាំនេះប្រៃសណីយ៍ថយចុះនូវចំណូលយ៉ាងណាក្តី ដោយសារផលប៉ះពាល់ពីការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ប៉ុន្តែការកម្ម៉ង់ទិញទំនិញអនឡាញក្រៅប្រទេស បានហក់ឡើងគួរជាទីកត់សម្គាល់ ដូចជាការកម្ម៉ង់ទិញពីក្រុមហ៊ុននានានៅក្រៅប្រទេស ដូចជាក្រុមហ៊ុន អាលីបាបា(Alibaba) ប្រទេសចិន, ពីជប៉ុន, កូរ៉េ, អាមេរិក និងពីសហគមន៍អឺរ៉ុបជាដើម ដែលបញ្ញើរទាំងនោះភាគច្រើនផ្ញើរមកតាមរយះប្រៃសណីយ៍កម្ពុជា។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ ប្រៃសណីយ៍កម្ពុជារកចំណូលបានចំនួនប្រមាណជាង០៤លានដុល្លារ ថយចុះប្រមាណ៤៧ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា រកចំណូលបានចំនួនប្រមាណជាង០៨លានដុល្លារអាម៉េរិក៕