Home ព័ត៌មានជាតិ សង្គម ​ទំនាស់​ដី​តំ...

​ទំនាស់​ដី​តំបន់​មេទឹក នៅ​ស្រុក​បាធាយ អាជ្ញាធរខេត្ត បញ្ជា​ឱ្យ​កសាង​ផែនទី​គោល​

​ដោយៈ គង់​ហេង / កំពង់ចាមៈ អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បាន​បញ្ជា​ឱ្យ​អាជ្ញាធរ ស្រុក​បាធាយ សហការ​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ កសាង​ផែនទី​គោល​មួយ ឱ្យបាន​ច្បាស់លាស់ របស់​តំបន់​ដី​មេទឹក មានទំនាស់​ទំហំ​ជាង ១៦ ហិកតា​មួយកន្លែង ដើម្បី​ឈានទៅ​បញ្ចប់ ទំនាស់​មួយ​នេះ នៅមុន​បំណាច់​ឆ្នាំ ២០២០ ខាងមុខ​។ នេះ​បើ​យោងតាម​ខ្លឹមសារ ស្មារតី​ប្រជុំ​មួយ នៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​សាលាខេត្ត​កំពង់ចាម ដែលមាន​ការចូលរួម​ពី អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មន្ទីរ អង្គភាព​ពាក់ព័ន្ធ ភាគី​ជា​តំណាង ឱ្យ​ប្រជាពលរដ្ឋ ជា​គូទំនាស់​ទាំងពីរ ក្នុង​សហគមន៍​ចំនួន ៥៨ គ្រួសារ និង​ប្រជាពលរដ្ឋ មិន​ស្ថិតក្នុង​សហគមន៍ ចំនួន ១៨ គ្រួសារ​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថាៈ ជម្លោះ​ដណ្តើម​ដី តំបន់​មេទឹក​សារាយ​ណ៍ ស្ថិតក្នុង​ភូមិព​ពិត ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ​នេះ មាន​លក្ខណៈ​ស្មុគស្មាញ គឺ​ទាមទារ​ឱ្យមាន ការដោះស្រាយ និង​គិតគូរ​ល្អិតល្អន់ ដើម្បី​រក្សា​ផលប្រយោជន៍​រួម របស់​សហគមន៍ និង​សុខដុម​នីយកម្ម របស់​ប្រជាពលរដ្ឋ ដែល​អាស្រ័យ នៅ​តំបន់​នោះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍​ទៀតថាៈ កត្តា​នេះ លោក​សូម​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​គូទំនាស់ ទាំងសងខាង ត្រូវមាន​អធ្យាស្រ័យ យោគយល់​គ្នា បន្ទន់ឥរិយាបថ​រៀងៗ​ខ្លួន និង​ប្រកាន់យក​ធម៌​អហិង្សា ដោយ​រួមសហការ ជាមួយ​អាជ្ញាធរ ដើម្បី​ដោះ​ទំនាស់ ប្រមាណ​ជាង បួន ឆ្នាំនេះ នឹង​ទទួលបាន​ជោគជ័យ ទាំងអស់គ្នា​។​

​លោក​បាន​បន្តថាៈ ដូច្នេះ​អាជ្ញាធរ​ស្រុក​បាធាយ សហការ​ជាមួយ មន្ទីរ អង្គភាព ពាក់ព័ន្ធ​មន្ត្រី​ជំនាញ កសាង​ផែនទី​គោល ច្បាស់លាស់​មួយ របស់​តំបន់ មាន​វិវាទ​មេទឹក សារាយ​ណ៍ នា​រដូវ​ទឹក​ស្រក​នេះ គឺ​ដើម្បីឱ្យ​ក្រុមការងារ​ថ្នាក់​ខេត្ត បន្ត​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង និង​ដើម្បី​ដោះស្រាយ វាស់វែង និង​ឈានទៅ​បញ្ចប់ទំនាស់​មួយ​នេះ ឱ្យបាន​មុន​បំណាច់ ឆ្នាំ​២០២០ នេះ​។​

​គួររំលឹកថា ដី​ទំហំ ១៦,០៨ ហិកតា ដែលមាន​ទំនាស់ តំបន់​មេទឹក​សារាយ​ណ៍ ស្ថិតក្នុង​ភូមិព​ពិត ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ រវាង​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ចំនួន ៥៨ គ្រួសារ និង​ប្រជាពលរដ្ឋ មិន​ស្ថិតក្នុង​សហគមន៍ ចំនួន ១៨ គ្រួសារ បានកើត​ឡើង តាំងពី​ឆ្នាំ​២០១៦​។ ដោយ​កាលនោះ ដី​នេះ​មាន​ទំហំ​សរុប ចំនួន ២២ ហិកតា គឺ​ក្រោយពី​អាជ្ញាធរខេត្ត បាន​ចុះទៅ​ដោះស្រាយ បាន​កាត់​ដី​នេះ​ជាង ៦ ហិកតា ឱ្យទៅ​ភាគី​ខាង ១៨ គ្រួសារ បណ្តាលឱ្យ​ដី​នេះ រួញ​នៅសល់ ទំហំ​ខាង មកដល់​បច្ចុប្បន្ន​។​

​ប៉ុន្តែ​នៅ​ចុងក្រោយ ខាង​ពលរដ្ឋ ៥៨ គ្រួសារ បាន​បាន​ប្តឹង សូម​ឱ្យជួយ​ដោះស្រាយ​ម្តងវិញ​។ ដោយនៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ កន្លងទៅ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោក ដួង តារា ប្រធាន​ក្រុមការងារ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ដឹកនាំ​មន្ត្រី​ជំនាញ មន្ទីរ​អង្គភាព មួយចំនួន ចុះទៅ​កាន់​ដី​ទំនាស់ ជាក់ស្តែង ដើម្បី​ពិនិត្យ​ដោះស្រាយ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលា​រាជធានី​ភ្នំពេញ ចេញ​...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ ...

ស្ថានីយ៍​ដើរ​ដោយ​ថាមពល ពន...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

យាន Chang’e-5 កំពុង...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

អ្នក​ធ្វើអត្តឃាត​នៅ​ជប៉ុន...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...