អភិបាលខេត្ត​ព្រះវិហារ ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការរៀបចំ​ប្លង់គោល ប្រើប្រាស់​ដី​ក្រុង​ព្រះវិហារ សម្រាប់​ចក្ខុវិស័យ ២០៣៥ ដើម្បី​សុំ​ការសម្រេច​ពី​ថ្នាក់ជាតិ​

​ដោយៈ ទេព មង្គល / ព្រះ​វិហារៈ នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ខេត្តព្រះវិហារ បានរៀបចំ​កិច្ចប្រជុំ ស្តីពី​ការផ្ទៀងផ្ទាត់​ទិន្នន័យ គម្រោង​រៀបចំ​ប្លង់គោល ប្រើប្រាស់​ដី​ក្រុង​ព្រះវិហារ សម្រាប់​ចក្ខុវិស័យ​២០៣៥ ។ នេះ​បើតាម​ប្រភពព័ត៌មាន​ពី រដ្ឋបាលខេត្ត​ព្រះវិហារ បានឱ្យដឹង​នៅថ្ងៃនេះ​។​

​ប្រភព​ដដែល បាន​បន្តថា កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ នៅ​សាលាខេត្ត​ព្រះវិហារ ក្រោម​វត្តមាន​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និង​ជា​ប្រធាន គណៈកម្មាធិការ និង​លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើនរូប ។​

​ក្នុងឱកាស​នោះ លោក ប្រាក់ សុវណ្ណ បាន​ជម្រាបជូន​អង្គប្រជុំ ពី​គោលបំណង នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ផ្ទៀងផ្ទាត់​ទិន្នន័យ គម្រោង​រៀបចំ​ប្លង់គោល ប្រើប្រាស់​ដី​ក្រុង​ព្រះវិហារ សម្រាប់​ចក្ខុវិស័យ ២០៣៥ ជូន​សមាជិក​គណៈកម្មាធិកា​រ ។​

​លើសពីនេះទៅទៀត លោក​អភិបាលខេត្ត បានដាក់​ចេញ​នូវ​គោលការណ៍ ដល់​សមាជិក​អនុវត្ត​បន្ត រួមមានៈ ក្រុមការងារ​បច្ចេកទេស រៀបចំ​ប្លង់គោល​ប្រើប្រាស់ ក្រុង​ព្រះវិហារ សហការ​ជាមួយ អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ព​ន្លឿ​ន​ឲ្យ​បាន​ឆាប់រហ័ស និង​គ្រប់​ជ្រុងជ្រោយ ទៅតាម​បទដ្ឋាន​បច្ចេកទេស និង​ច្បាប់​ជា​មូលដ្ឋាន ដើម្បី​ដាក់​ឆ្លង​គណៈកម្មាធិការ រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ក្រុង និង​ខេត្តព្រះវិហារ ព្រមទាំង​បញ្ជូន​សុំ​ការសម្រេច ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិនិត្យ និង​សម្រេច​។​

​លោក​អភិបាលខេត្ត បាន​បន្ថែមថាៈ រាល់​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី និង​ការអភិវឌ្ឍ​ផ្សេងៗ ក្នុង​ក្រុង​ព្រះវិហារ សូម​ឲ្យ​អនុលោម ទៅតាម​ប្លង់គោល ដែល​បាន​ពិនិត្យ និង​កែសម្រួល​រួចរាល់ ក្នុង​កិច្ចប្រជុំ នាពេលនេះ រហូតដល់​មានការ​ប្រើប្រាស់ នូវ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​ព្រះវិហារ ជា​ផ្លូវការ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular