Home ព័ត៌មានជាតិ សង្គម អ្នក​បើកឡាន​ម...

អ្នក​បើកឡាន​មួយចំនួន គួរតែ​ប្តូរ​ទម្លាប់​!

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:ផ្លូវជាតិ​សំខាន់ៗ​ចេញចូល​រាជធានី​ភ្នំពេញ រួមទាំង​ផ្លូវ​ក្នុង​ក្រុង សុទ្ធតែជា​ផ្លូវ ដែលមាន​របាំង​ទ្រូងផ្លូវ ហើយ​ផ្លូវ​ខ្លះ ក៏មាន​ទ្រូង​ចែកផ្លូវ ជា​សួនច្បារ​ថែមទៀត​។ ការធ្វើ​ទ្រូងផ្លូវ មិន​ថា ដាក់​របាំង​ថ្ម របាំង​ដែក ឬក៏​ទ្រូងផ្លូវ ជា​សួនច្បារ​នោះទេ គឺ​បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរណ៍​ថែម​ទៀតផង​។​

​ក៏ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ មិន​ថា នៅ​ផ្លូវ ដែលមាន​របាំង​ថ្ម ឬ​សួនច្បារ​បែងចែក​គន្លង​ផ្លូវ​នោះទេ គឺ​សូម្បីតែ​នៅ​ផ្លូវ ដែល​មិន​របាំង​ចែក​គន្លង​ផ្លូវ ក៏​អ្នកបើកបរ​ឡាន​មួយ​ភាគ​ណា​នោះ បែរជា​បើក​យឺត មក​អែប​របាំង ឬ​សួនច្បារ ចែក​គន្លង​ផ្លូវ ហើយ​មិន​ឲ្យ​អ្នក​ក្រោយ បើក​វ៉ា​ជែង​ថែម​ទៀតផង​។ បើ​មាន​អ្នក​ចង់​វ៉ា ត្រូវតែ​បង្ខំចិត្ត បើក​វ៉ា​ជែង​ខាងស្តាំ ដែល​ខុស​នឹង​ក្បួនច្បាប់ ក្នុង​ការបើក​បរទាំង​ស្រុង​។​

​ការបើកបរ​ឡាន​យឺតៗ​នៅ​អែប​នឹង​របាំង​ថ្ម ឬ​សួនច្បារ​ចែក​ទ្រូងផ្លូវ​ដូច្នេះ ត្រូវបាន​ក្រុម​អ្នក​និយម​បើកបរ​ខុស​ក្បួនច្បាប់​នេះ លើក​ហេតុផល​ថា ងាយស្រួល កុំ​ឲ្យ​ប៉ះ​ម៉ូតូ ឬ​រឺ​ម៉ក​ម៉ូតូ ដែល​បើក​នៅ​គន្លង​ក្បែរ​ចិញ្ចើមផ្លូវ ជាដើម​។ ទម្លាប់​មិនល្អ ខុស​ក្បួនច្បាប់​បើកបរ​នេះ ក៏ត្រូវ​បាន​គេ​បើកបរ យក​គំរូ​តាម​តៗ​គ្នា មកដល់​សព្វថ្ងៃ​។​

​ប៉ុន្តែ​ទម្លាប់​ខុស​ក្បួនច្បាប់​នេះ គួរតែ​ប្តូរ ព្រោះថា តាមច្បាប់​ចរាចរណ៍ ហើយ​អ្នកបើកបរ មិន​ថា ឡាន ឬ​ម៉ូតូ​ទេ បើ​បាន​ចូលរៀន​តាម​សាលាបង្រៀន​បើកបរ​ត្រឹមត្រូវ និង​ឆ្លងកាត់​ការប្រឡង​ត្រឹមត្រូវ គឺ​ការ​វ៉ា​ជែង ត្រូវធ្វើ​នៅ​ខាងឆ្វេង​ដៃ ហើយ​គន្លង​ផ្លូវ ដែល​នៅជាប់​នឹង​របាំង​ថ្ម សួនច្បារ​ចែក​ទ្រូងផ្លូវ ឬក៏​គំនូស​ចែក​ទ្រូងផ្លូវ គឺ​សម្រាប់តែ​យានយន្ត ម៉ូតូ​ឡាន ដែល​បើក​ក្នុង​ល្បឿន​លឿន​។ បើ​យានយន្ត បើក​ក្នុង​ល្បឿន​យឺតៗ ត្រូវតែ​បើកបរ នៅ​គន្លង​ជាប់​នឹង​ចិញ្ចើមផ្លូវ​។​

​ម្យ៉ាងទៀត បើ​បានជា​បើក​យឺតៗ​ហើយ​នោះ អ្នកបើកបរ​ឡាន​មួយចំនួន ខុស​ក្បួនច្បាប់​នេះ ក៏​គួរតែ​ចៀស មក​អែប​កៀន​ផ្លូវ​ខាងស្តាំ​ដៃ នៅពេល​មាន​យានយន្ត វ៉ៃ​ភ្លើង​ស៊ីញ៉ូ ឬ​ស៊ី​ផ្លេ សុំ​វ៉ា​។ ចំណែក​អ្នកបើកបរ ដែល​ត្រូវ​វ៉ា​ជែង ក៏​គួរតែ​បើក​ស៊ីញ៉ូ សុំ​វ៉ា ប្រើ​ស៊ី​ផ្លេ ហើយ​បើ​នៅពេល​យប់ ត្រូវ​វ៉ៃ​ភ្លើង​ហ្វ្រា និង​បើកភ្លើង​ស៊ីញ៉ូ សុំ​វ៉ា នៅ​ផ្លូវ ដែល​អាច​វ៉ា​ជែង​បាន ដោយ​មិនមាន​គ្រោះថ្នាក់​។​

​ករណី​អ្នក​បើកឡាន​មួយចំនួន ដែល​និយម​បើកបរ​យឺតៗ អែប​របាំង​ទ្រូងផ្លូវ​នេះ គួរតែ​ប៉ូលិស​ចរាចរណ៍ មាន​វិធានការ តាមរយៈ​ការអប់រំ ណែនាំ រម្លឹក​ពី​មេរៀន ទ្រឹស្តី​ពី​ច្បាប់​ចរាចរណ៍​ឡើងវិញ ហើយ​បើ​នៅតែ​មិន​ស្តាប់ បន្ត​បើកបរ​ខុស​ទំនង​ដូច្នេះ​ទៀត គួរតែ​ប្រើ​វិធានការ​ផាកពិន័យ អាច​ឈានដល់​ដកហូត​ប័ណ្ណបើកបរ​តាម​កាលកំណត់​ណាមួយ​។​

​អ្នកបើកបរ​យានយន្ត​ទាំងអស់ គួរតែ​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ និង​ទ្រឹស្តី​ច្បាប់​ចរាចរណ៍​ត្រឹមត្រូវ​ទាំងអស់គ្នា ហើយ​ឆ្លងកាត់​ការប្រឡង​យក​ប័ណ្ណបើកបរ​យ៉ាង​ត្រឹមត្រូវ ដោយ​មិនចាំបាច់​បង់លុយ​ទេ​។ រាល់​ការចំណាយ​ក្នុង​ការរៀន​បើកបរ​នេះ គួរតែ​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​។ បើ​យើង​អាច​តម្រូវ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឡាន និង​រ៉ឺម៉ក​កង់​បី ឆ្លងកាត់​ការបណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍ និង​ជំនាញ​ក្នុង​ការបើក​បរបាន​ទាំងអស់ នោះ​យើង​ក៏​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ពោលគឺ​យើង​ចូលរួម​ពន្លត់ភ្លើង ដោយ​មិន​ចាំ​អង្គុយ​បក់ផ្សែង​ទៀត​នោះឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...