ដោយ:បាយ័ន/សៀមរាបៈកិច្ចប្រជុំស្តីពីវឌ្ឍនភាព និង លទ្ធផលការងារស្តីពីការសិក្សារៀបចំ និង កំណត់និមិត្តសញ្ញា របស់រដ្ឋបាលស្រុកសូទ្រនិគម និងស្រុកអង្គរធំ ក្រោមការដឹកនាំប្រជុំរបស់លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកទាំងពីរ និង មេឃុំចូលរួមផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប។
ការប្រជុំត្រួតពិនិត្យ លើការកំណត់និមិត្តសញ្ញារបស់រដ្ឋបាលស្រុក ឃុំនេះ អាជ្ញាធរស្រុក និង ឃុំ ក៏បានលើកផងដែរ អំពីអត្ថន័យខ្លឹមសារ និង សក្តានុពល នៅក្នុងនិមិត្តសញ្ញា ដែលបានបង្កប់ទៅដោយជីវប្រវត្តិ នាសម័យបុរាណកាលមក ក្នុងការបង្ហាញដល់បងប្អូនកូនចៅជំនាន់ក្រោយ ឲ្យបានដឹង បានស្គាល់អំពីពង្សាវដារបស់ស្រុក ឃុំនីមួយៗ ផងដែរ។ ក្នុងកិច្ចពិភាក្សានោះ អង្គប្រជុំបានធ្វើការកែសម្រួលទៅលើរូបភាព ក្បូរក្បាចរចនា ដែលរំលេចទៅនឹងរចនាបទ តាមប្រាង្គប្រាសាទ ព្រមទាំងធ្វើការរៀបចំដាក់បញ្ចូល ពីសក្តានុពលដែលតាមបណ្តាស្រុក ឃុំដែលមានតាំងពីបុរាណកាលតរៀងមក ។
លោក នាក់ ណេរ៉ុន ក៏បានធ្វើការណែនាំមួយចំនួនដល់អាជ្ញាធរស្រុក និង មេឃុំ ត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើឲ្យនិមិត្តសញ្ញារបស់ស្រុក ឃុំ បង្កប់ទៅអត្ថន័យដ៏ស៊ីជម្រៅ សមស្របទៅនឹងឈ្មោះរបស់ស្រុក និងឃុំរបស់ខ្លួន។ លោកបានបន្តទៀតថា ការបង្កើតនិមិត្តសញ្ញានេះឡើង គឺមានការពាក់ព័ន្ធអំពី ជីវប្រវត្តិភូមិសាស្ត្រ វប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ ពិសេសត្រូវសិក្សាពីចាស់ព្រឹទ្ធាចារ្យ ដែលដឹងពីប្រវត្តិនៃការដាក់ឈ្មោះស្រុក ឃុំ នៅក្នុងមូលដ្ឋានខ្លួន ព្រមទាំងធ្វើការចងក្រងទុកជាកម្រងឯកសារជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយៗបានសិក្សាស្វែងយល់ សំខាន់សិស្ស និស្សិត បានចុះទៅធ្វើការស្រាវជ្រាវ ស្វែងយល់ ព្រមទាំងយើងធ្វើការកែច្នៃនៅទីតាំងភូមិសាស្ត្រនោះ ឲ្យក្លាយជាតំបន់អេកូទេសចរសហគម ក្នុងការបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនផងដែរ ។ការបង្កើតនូវនិមិត្តសញ្ញានេះ ក៏ជាការបង្កលក្ខណៈងាយស្រួលដល់មហាជន ប្រជាជន ភ្ញៀវជាតិ អន្តរជាតិ បានស្គាល់ កាន់តែច្បាស់ អំពីសក្តានុពល ប្រពៃណី ទំនៀមទំលាប់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗផងដែរ៕