ប្រែសម្រួល : កញ្ញាដាលីស/វីលមីងតុន, ដេឡាវែ ៖ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោកចូ បៃដិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩វិច្ឆិកាថាលោកនឹងមិនបញ្ជាឱ្យមានការបិទប្រទេសទាំងស្រុងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩នោះទេ ទោះបីជាមានការកើនឡើងនៃករណីឆ្លងក៏ដោយ។
រដ្ឋនិងទីក្រុងនានាបានដាក់ចេញការរឹតត្បិតផ្ទាល់ខ្លួនរបស់ពួកគេរួមមានការបង្ខាំងខ្លួនក្នុងផ្ទះ ការបិទអាហារដ្ឋានដែលមានបរិវេណបិទជិត និងការដាក់កំហិតលើការប្រមូលផ្ដុំខណៈករណីឆ្លងកើនឡើងនៅទូទាំងប្រទេស។
លោកបៃដិន ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា បានប្រាប់អ្នកយកព័ត៌មានថា “មិនមានកាលៈទេសៈណាមួយដែលខ្ញុំអាចមើលឃើញតម្រូវការបិទទ្វារប្រទេសទាំងស្រុងនោះទេ”។
ទោះយ៉ាងណា លោកបាននិយាយថា វិធានសម្រាប់ពេលវេលានិងរបៀបដែលអាជីវកម្មនិងគ្រឹះស្ថានផ្សេងទៀតអាចបើកបានឬអត់នោគឺត្រូវផ្អែកលើការគំរាមកំហែងនៅក្នុងតំបន់ដែលស្ថិតក្នុងមន្ទិលសង្ស័យ និងអាស្រ័យលើកម្រិតឆ្លងផ្សេងៗគ្នានៅទូទាំងប្រទេស។
យោងតាមរបាយការណ៍សរុបរបស់សាកលវិទ្យាល័យចនហប់ឃីន អាម៉េរិកឥឡូវចុះបញ្ជីអ្នកស្លាប់ជាង ២៥១.០០០ នាក់និងឆ្លងជាង ១១,៦ លានករណី។
ការកើនឡើងនូវករណីឆ្លងខ្លាំងបែបនេះបានធ្វើឱ្យអាជ្ញាធរមានមានការប្រុងប្រយ័ត្នខ្ពស់រហូតដល់កម្រិតមួយដែលមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក (CDC)ជំរុញឱ្យជនជាតិអាម៉េរិកទាំងអស់មិនត្រូវធ្វើដំណើរសម្រាប់ថ្ងៃបុណ្យសេងហ្គីវវីង (Thanksgiving) នៅសប្តាហ៍ក្រោយ។
វេជ្ជបណ្ឌិត ហិនរី វ៉ក ទទួលបន្ទុកផ្នែកគ្រប់គ្រងកិច្ចការប្រចាំថ្ងៃនៃការឆ្លើយតបចំពោះជំងឺរាតត្បាតរបស់ CDC បានប្រាប់អ្នកយកព័ត៌មានថា “វាមិនមែនជាតម្រូវការចាំបាច់ទេ។វាជាការណែនាំដ៏ខ្លាំងក្លា”។
ថ្ងៃបុណ្យសេងហ្គីវវីងគឺជាថ្ងៃឈប់សម្រាកដ៏មមាញឹកបំផុតរបស់សហរដ្ឋអាម៉េរិកបើនិយាយអំពីការធ្វើដំណើរ។ នៅពេលបុណ្យនេះមកដល់នៅថ្ងៃព្រហស្បតិ៍ទី២៦វិច្ឆិកាជនជាតិអាម៉េរិកជាច្រើននឹងឈប់សម្រាកនៅថ្ងៃសុក្រ ហើយនឹងចំណាយពេលចុងសប្តាហ៍ដ៏វែងដើម្បីទៅជួបក្រុមគ្រួសារនៅក្នុងរដ្ឋផ្សេងទៀត៕
លោកបៃដិនមកដល់កិច្ចប្រជុំមួយតាមអនឡាញជាមួយគណៈកម្មការប្រតិបត្តិរបស់សមាគមអភិបាលជាតិនៅទីក្រុងវីលមីងតុន រដ្ឋដេឡាវែកាលពីថ្ងៃទី១៩វិច្ឆិកា២០២០