ដោយៈ ប.ខុន / ភ្នំពេញៈ ភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យម ទៅបង្គួរ នឹងកើតមានបន្ត នៅអំឡុងពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ជាពិសេស នៅថ្ងៃទី២១ ខែវិច្ឆិកា ចាប់ពីខេត្តកំពង់ធំ ចុះទៅភាគខាងត្បូង ដោយសារឥទ្ធិពល ខ្យល់រុញមកពីសមុទ្រ ប៉ាស៊ីហ្វិក កាត់លើ សមុទ្រចិន ខាងត្បូង។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថាៈ ខ្យល់រុញមកពីសមុទ្រប៉ាស៊ីហ្វិក មានឥទ្ធិពលខ្លាំង រួមជាមួយនឹងបាតុភូតផ្សេងៗ តែនៅពេលចូលដល់ក្នុង សមុទ្រចិនខាងត្បូង វាបានថយឥទ្ធិពល ដោយសារជ្រលងសម្ពាធខ្ពស់ រុញចុះមកខ្លាំង ធ្វើឱ្យវាធ្លាក់ចុះទៅក្រោម (ខាងត្បូងសមុទ្រចិន) មិនមានឥទ្ធិពលខ្លាំង មកដល់លើកម្ពុជា សូម្បីតែបាតុភូតមួយ ដែលនឹងក្លាយទៅជាព្យុះ នៅប៉ុន្មានថ្ងៃខាងមុខ ក៏មិនអាចកើតជាព្យុះ បានដែរ។
លោក ចាន់ យុត្ថា បាននិយាយទៀតថាៈ ភ្លៀងរដូវវស្សា នៅប៉ែកខាងជើង លើប្រទេសកម្ពុជា ថមថយហើយ តែរដូវវស្សា នៅមិនទាន់ផុតទេ ភ្លៀងមាន នៅច្រើន តែលើប៉ែកខាងត្បូងប្រទេស។ ឯអាកាសធាតុត្រជាក់ ដល់រងា ក៏មិនទាន់មកដល់ដែរ ពីពេលនេះ រហូតដល់ដំណាច់ ខែវិច្ឆិកា ដោយសារស្ថានភាពអាកាសធាតុ នៅពេលនេះ មានការប្រែប្រួលខ្លាំង នៅលើតំបន់ និងក៏ដូចជា នៅក្នុងប្រទេសកម្ពុជា៕/V
ថ្ងៃស្អែក មានភ្លៀងធ្លាក់ច្រើន ចាប់ពីខេត្តកំពង់ធំ ចុះទៅប៉ែកខាងត្បូង