ដោយៈអង្គារ៍ហេង/ភ្នំពេញៈ យោងតាមពាក្យបណ្តឹង របស់ភាគីរងគ្រោះនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ អមដោយរូបភាពកាន់កាំភ្លើង និងវីដេអូឃ្លីប បានប្តឹងឈ្មោះ ហ៊ីម សំបូរ មានឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក បានជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារ។
ក្នុងពាក្យបណ្តឹងបានលើកឡើងថា៖ “នាងខ្ញុំឈ្មោះ អ៊ុក ស្រីរិន ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១០៩៨១១៣៩ ទីលំនៅប់ច្ចុប្បន្ន ផ្ទះលេខ១៤៧បេ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមគោរពជូន លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ ជាទីគោរពដ៏ខ្ពង់ខ្ពស់។ សុំប្តឹងពីឈ្មោះ ហ៊ីម សំបូរ ភេទ ប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបម្រើការងារនៅ បញ្ជាការដ្ឋានកងទ័ពជើងអាកាស មានឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក បានជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លីកាន់ដើរមកសំដៅកន្លែងអ៊ុតសក់នាងខ្ញុំ”។
ជនរងគ្រោះបានបញ្ជាក់ថា ឈ្មោះ ហ៊ីម សំបូរ តែងតែរករឿងឈ្លោះជាមួយក្រុមគ្រួសាររបស់នាងជាញឹកញាប់ ហើយតែងតែកាន់អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាង ណាដែលបានឈ្លោះជាមួយខ្លួន ហើយសំឡុតនិងបានបោះពាក្យសម្តីថា “ហែងធ្វើមិនឈ្នះអញទេ!” .
ពាក់ព័ន្ធករណីខាងលើលោក ព្រុំ ស័ក្ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ មិនអាចទាក់ទងបានទេនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ចំណែកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានអះអាងថាលោកនឹងចាត់ចែងរឿងនេះ៕