ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមមេឃខៀវ Manchester City ជឿថាពួកគេអាចអន្ទងលីអូនែល ម៉េសស៊ីឱ្យចាកចេញពីក្រុមអ្នកមានបុណ្យ Barcelona នៅរដូវក្តៅ នេះបើយោងតាមរបាយការណ៍ផ្តាច់មុខពីវេបសាយ Eurosport Spain កាលពីថ្ងៃព្រហស្បតិ៍ទី១៩វិច្ឆិកា ទន្ទឹមនឹងដំណឹងនៃកិច្ចសន្យាថ្មី ២ ឆ្នាំរបស់លោកប៉េប ហ្គាឌីអូឡា គឺជាកត្តាសំខាន់។
Man City បានក្លាយជាអ្នកនាំមុខគេក្នុងការចុះហត្ថលេខាទិញយកម៉េសស៊ីនៅរដូវក្តៅ បន្ទាប់ពីកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនិយាយថា រូបគេចង់ចាកចេញពី Barcelonaបន្ទាប់ពីពួកគេចាញ់ក្រុម Bayern Munich យ៉ាងចាស់ដៃក្នុងលទ្ធផល ៨-២ និងជម្លោះជាសាធារណៈជាមួយប្រធានក្លឹប លោក យ៉ូសេប ម៉ារៀ បាថូមូ។
ទោះយ៉ាងណា ម៉េសស៊ីនៅទីបំផុតនៅតែបន្តស្នាក់នៅ បន្ទាប់ពីBarcelona បានទទូចថា តម្លៃខ្លួន ៧០០ លានអឺរ៉ូសម្រាប់ការលក់ម៉េសស៊ី នៅមានសុពលភាពនៅឡើយ។
ម៉េសស៊ីបានប្រាប់វេបសាយ Goal.com ថា “ខ្ញុំមិនសប្បាយចិត្តទេហើយខ្ញុំចង់ចាកចេញ។ ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទេ ហើយខ្ញុំនឹងបន្តនៅក្លឹប ដើម្បីកុំឱ្យមានជម្លោះផ្លូវច្បាប់។ ថ្នាក់ដឹកនាំក្លឹប ដែលដឹកនាំដោយលោកបាថូមូគឺជាមហន្តរាយ”។
ទោះយ៉ាងណា នាយកប្រតិបត្តិរបស់ Man City លោក ហ្វើរ៉ាន់ សូរីយ៉ាណូ និងលោក ធីស៊ីគី បេហ្គីរីស្តេន ដែលជាអតីតកីឡាកររបស់ Barcelonaពេលនេះកំពុងរៀបចំកញ្ចប់ថវិកាមួយដើម្បីល្បួងយកជ័យលាភីពានរង្វាន់បាល់មាស បាឡុងដ័រ ៦ សម័យរូបនេះឱ្យផ្លាស់មកកីឡដ្ឋាន Etihad ។
បុរសទាំងពីរជឿថាអាចអន្ទងម៉េសស៊ីឱ្យមកលេងនៅ Man City បាន ដោយអាស្រ័យលើកត្តា ៤ ៖
១. លោកប៉េប ហ្គាឌីអូឡា បន្តកុងត្រាថ្មី ២ ឆ្នាំជាមួយក្លឹប។
២. ខ្សែប្រយុទ្ធអាហ្សង់ទីន គុន អាក្វេរ៉ូ អាយុ ៣៣ ឆ្នាំ ត្រៀមបន្តកុងត្រាថ្មីដែរ។
៣. កេងចំណេញលើឱកាសដ៏ល្អ ពេលដែល Barcelona កំពុងជួបចលាចល ខណៈការបោះឆ្នោតជ្រើសរើសប្រធានក្លឹបថ្មីនឹងធ្វើឡើងនៅថ្ងៃទី២៤មករា។
៤. ក្លឹបមេឃខៀវកំពុងដាក់គោលដៅទិញកីឡាករល្អៗដូចជា ខ្សែបម្រើ ឌូក្លាស លូអីស របស់ Aston Villa ខ្សែប្រយុទ្ធ ឡូថារ៉ូ ម៉ាទីណេស របស់ Inter Milan និងខ្សែប្រយុទ្ធ អៀរលីង ហាលែន របស់ Dortmund៕
Man City សង្ឃឹមថានឹងនាំម៉េសស៊ីមកលេងនៅអង់គ្លេសបាននៅរដូវក្តៅឆ្នាំក្រោយ