ដោយៈគូលែន / សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តម៉ាក ហ៊ីយាន់ដាយ បុកគ្នាជាមួយរថយន្តតូយ៉ូតា ដែលបើកបរ បញ្ច្រាសទិសគ្នា បណ្តាលអោយរបួសធ្ងន់ម្នាក់។ ក្រោយកើតហេតុ ម្ចាស់រថយន្តហ៊ីយាន់ដាយ បានរត់គេចខ្លួនបាត់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨និង១០នាទី ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ស្ថិតនៅភូមិស្វាយជ័យ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកប្រាសាទបាគង បាននិយាយថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើ បង្ករឡើងដោយរថយន្តម៉ាក ហ៊ីយាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៤A ៤៨៣៦ ដែលបើកបរ ពីទិសខាងលិចទៅទិសខាងកើត និងមិនស្គាល់អត្តសញ្ញាណ អ្នកបើកបរឡើយ។ លុះមកដល់ចំណុច កើតហេតុ រថយន្តម៉ាក ហ៊ីយាន់ដាយ បានបុកជាមួយរថយន្តម៉ាកតូយ៉ូតា ហ្វ័រធូនើរ ( Toyota Fortuner )ពាក់ស្លាកលេខ សៀមរាប ២B ៤២៩៩ បណ្តាលអោយភាគីខាងរថយន្ត តូយ៉ូតា បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
សមត្ថកិច្ច បានបន្តថាៈ ក្រោយពីកើតហេតុ ម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ មិនត្រូវបានសមត្ថកិច្ច បញ្ជាក់ឈ្មោះ អោយដឹងឡើយ។ រីឯអត្តសញ្ញាណជនបង្ក ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ ដើម្បីយកមកដោះស្រាយ តាមផ្លូវច្បាប់៕/V