Home ព័ត៌មានជាតិ សង្គម នៅតំបន់រង្វង់...

នៅតំបន់រង្វង់មូលចោមចៅ ស្ថានភាពចរាចរណ៍ មានលក្ខណៈល្អប្រសើរមួយកម្រិត ក្រោយពីដាក់ឲ្យដំណើរការ ផ្លូវក្រោមដី ជាបណ្តោះអាសន្ន

ដោ­យៈ រ៉ាម៉ន / ភ្នំពេញៈ លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី២០ វិច្ឆិកានេះថាៈ ស្ថានភាពចរាចរណ៍ នៅតំបន់រង្វង់មូលចោមចៅ ពីទិសផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្សី ឬចូលក្រុង ដោះស្រាយបាន ១០០ ភាគរយហើយ រីឯផ្នែកកខាងលើ បានជាង ៤០ ភាគរយហើយដែរ។ ដូច្នេះ នៅតំបន់រង្វង់មូលចោមចៅ មានលក្ខណៈល្អប្រសើរ មួយកម្រិតហើយ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឲ្យដំណើរការ ផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ ជូនប្រជាពលរដ្ឋ បានធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងមកនេះ ។

ប៉ុន្តែមន្ត្រីជំនាញវិញ បានឱ្យដឹងថាៈ សម្រាប់ការធ្វើចរាចរណ៍ ពីផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ទៅផ្លូវជាតិលេខ៤ មិនទាន់ល្អប្រសើរនៅឡើយទេ ដោយសារប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមផ្លូវនេះ មានអ្នកដំណើរខ្លះ ត្រូវបត់ឆ្វេង ឡើងទៅផ្លូវជាតិលេខ៣ ត្រង់ខាងកើត សាលាសង្កាត់ចោមចៅទី៣ បណ្តាលឱ្យមានការកកស្ទះ ដោយអន្លើ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋ បានសម្តែង ការសារទរយ៉ាងខ្លាំង ចំពោះការបើកឱ្យធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន នូវផ្លូវក្រោមដី នៅតំបន់រង្វង់មូលចោមចៅនេះ បានល្អប្រសើរ មួយកម្រិតធំ។

ផ្លូវក្រោមដីនេះ ជាផ្លូវតភ្ជាប់ចរាចរណ៦ ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ ម៉ែត្រ និង ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍ មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ នៅក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរា និងពីកោះនរា ទៅទីក្រុងរណបកោះពេជ្រ ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ ជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការ សាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ ការសាងសង់ ក្នុងរយៈពេល ៣០ ខែ និងចំណាយថវិកាសាងសង់ ប្រមាណ ២២ លានដុល្លាអាមេរិក។

បើផ្អែកតាមលក្ខណៈបច្ចេកទេស របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ ដោយបែងចែកជា ៣ ផ្នែកគឺៈ

ស្ពានទី១ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ ដែលមានចរាចរណ៍ ពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤,៥ ម៉ែត្រ និងមានកម្ពស់អតិបរមា ដែលអាចចរាចរណ៍ក្រោមស្ពាន មាន ៥,៥ ម៉ែត្រ។

ស្ពានទី២ បំបែកចេញពី ស្ពានអាកាសមេ បត់ឆ្វេង តភ្ជាប់ចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត មានប្រវែងសរុប ២០២ ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដី ប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដី ប្រវែង ៤៤ ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។

ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរណ៍ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដី ប្រវែង ២៨ ម៉ែត្រ) ទទឹង ៥,២៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។

ផ្លូវ និងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរណ៍ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដី ប្រវែង ១១៧ ម៉ែត្រ) ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេ តភ្ជាប់ចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង ៨,៥ ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ ម៉ែត្រ និងទំហំ ៥,៥ ម៉ែត្រ ។ ស្ពាន នឹងមានអាយុកាល ១០០ ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញ បរិវេណស្ពានអាកាស និងអាងស្តុកទឹក ក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹក ស្វ័យប្រវត្តិផងដែរ។

គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋាន ដំណើរការសាងសង់ ជាផ្លូវការ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular