ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ២០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៩ ខែវិច្ឆិកាបានកើតឡើងចំនួន ១.៦៧០លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៨៤១នាក់និង របួសចំនួន ២.៥៣៤នាក់ ក្នុងនោះរបួសធ្ងន់ ១៥៣១នាក់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា សម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២១៩០៣១គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៦១.៧៨៤គ្រឿង និងរថយន្តមានចំនួន ៥៧.២៤៧គ្រឿង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅនេះ
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅនេះ