ប្រែសម្រួល : កញ្ញាដាលីស ៖ អតីតខ្សែបម្រើរបស់ Arsenal និង Brentford នីកូ យ៉េនណារីស បានប្តូរឈ្មោះរបស់គាត់ ក្រោយក្លាយជាកីឡាករចូលសញ្ជាតិដំបូងគេលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិចិន។
កីឡាកររូបនេះបានបោះបង់ចោលលិខិតឆ្លងដែនអង់គ្លេស ព្រោះប្រទេសមានប្រជាជនច្រើនបំផុតលើពិភពលោកមួយនេះហាមមានសញ្ជាតិពីរនៅពេលចូលរួមជាមួយក្លឹប Beijing Guoanកាលពីឆ្នាំមុន ហើយឥឡូវលេងឱ្យជម្រើសជាតិចិនបាន ៥ ដងហើយ។
កីឡាករអាយុ ២៧ ឆ្នាំរូបនេះបានប្រាប់វេបសាយ SunSport កាលពីថ្ងៃទី១៨វិច្ឆិកាថា “និយាយដោយស្មោះ ខ្ញុំមិនដឹងថាឈ្មោះនេះមានន័យយ៉ាងម៉េចទេ។ ខ្ញុំទទួលបានឈ្មោះនេះពេលខ្ញុំផ្លាស់មកទីនេះ”។
លី កេ បន្តថា “ខ្ញុំពិតជាមិនបានដឹងថាឈ្មោះខ្ញុំត្រូវបានប្តូរជាផ្លូវការទេរហូតខ្ញុំបានមកដល់។ ខ្ញុំពិតជាភ្ញាក់ផ្អើល ប៉ុន្តែខ្ញុំរីករាយ និងមានមោទនភាពដែលមានឈ្មោះចិន។ គ្រប់គ្នានិយាយថា វាជាឈ្មោះល្អណាស់។ អ្នកខ្លះហៅខ្ញុំថាលីកេ ប៉ុន្តែនឹងមានអ្នកគាំទ្រជាច្រើនហៅឈ្មោះចិនរបស់ខ្ញុំ”។
លី កេមានសិទ្ធិទទួលបានសញ្ជាតិចិនតាមរយៈម្តាយរបស់គាត់ ដែលកើតនៅទីនោះ ប៉ុន្តែនិយាយកាតាំង ជាជាងនិយាយកុកងឺ ដែលកូនប្រុសរបស់គាត់កំពុងព្យាយាមរៀនសូត្រ៕
នីកូ យ៉េនណារីស ឬ លី កេ លេងឱ្យជម្រើសជាតិចិនបាន ៥ ដងហើយ