បើទោះបីព្រឹត្តិការណ៍ ៣វិច្ឆិកា បានកន្លងផុត តែវិធានការបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅតែបន្ត

ដោយៈ រ៉ាម៉ន / ភ្នំពេញៈ បើទោះបីព្រឹត្តិការណ៍ ៣ វិច្ឆិកា បានកន្លងផុត ក៏ពិតមែន ប៉ុន្តែវិធានការបង្ការ និងទប់ស្កាត់ ការឆ្លងកូវីដ-១៩ អាជ្ញាធរ នៅតែបន្តធ្វើ ដូចជានៅផ្សារបឹងកេងកង និងតាមទីផ្សារនានា នៅរាជធានីភ្នំពេញ ដោយអនុវត្តវិធាន ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ជាក់ស្តែង សម្រាប់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គណៈកម្មការផ្សារបឹងកេងកង ខណ្ឌបឹងកេងកង បានបន្តដឹកនាំមន្ត្រី របស់ខ្លួន ចុះត្រួតពិនិត្យ ក៏ដូចជា ការផ្សព្វផ្សាយ បាញ់ទឹកអាកុលលាងដៃ ចែកម៉ាស ជូនបងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលត្រូវចេញចូលផ្សារនេះ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងកូវីដ-១៩។

លោក ឯក និមល ប្រធានគណៈកម្មការ ផ្សារបឹងកេងកង បានមានប្រសាសន៍ថាៈ នៅពេលថ្មីៗនេះ ម៉ាសដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនោះ ត្រូវបានរដ្ឋបាល រាជធានីភ្នំពេញ ប្រគល់ឲ្យមកគណៈកម្មការ ផ្សារបឹងកេងកង ចំនួន ១.២០០ ម៉ាស់ ហើយម៉ាសទាំងនេះ គណៈកម្មការផ្សារបឹងកេងកង បានចែកជូនបងប្អូនអាជីវករ នៅក្នុងផ្សារអស់ហើយ ។

លោកបានបន្តថាៈ រាល់ថ្ងៃនេះ គណៈកម្មការផ្សារបឹងកេងកង បានដាក់អាកុល នៅតាមច្រកចេញចូល ចំនួន ១៣ ច្រក និងវាស់កំដៅ នៅតាមច្រកធំៗ ចំនួន ៣ ច្រក ជាមួយនឹងការចែកម៉ាស ជូនអាជីវករ ពិសេសចែកជូនបងប្អូនម៉ូតូឌុប និងរ៉ឺម៉កកង់បី និងផ្សព្វផ្សាយតាមមីក្រូ ស្តីពីការបង្ការទប់ស្កាត់ នូវជំងឺកូវីដ-១៩ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ ចំណែកការធ្វើអនាម័យ បរិស្ថាន និងការរៀបចំសណ្តាប់ធ្នាប់ ក៏បានធ្វើឡើង ជាប្រចាំផងដែរ ដែលធ្វើឱ្យតួផ្សារទាំងមូល មានអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ល្អប្រសើរ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular