ដោយៈមុនីរ័ត្ន/ភ្នំពេញៈសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីប្រើកាំភ្លើងកែច្នៃបាញ់សន្តិសុខយាមដីក្រុមហ៊ុន សូ ងួន បណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់នៅក្នុងភូមិត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់រស្មីកម្ពុជាថា ” ឃាត់ខ្លួនបានពីរនាក់ ជនដៃដល់លាក់ខ្លួននៅលើភ្នំក្បែរកន្លែងកើតហេតុ “។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ជនសង្ស័យឃាត់ខ្លួនទាំងពីរនាក់ឈ្មោះ ញ៉ាន សែង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកនិងឈ្មោះ ស៊ឹម ថែ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
សូមជម្រាបថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួនបានបង្កឲ្យប្រជាពលរដ្ឋផ្ទុះកំហឹង យកកាំភ្លើងកែច្នៃបាញ់ទៅលើសន្តិសុខយាមដីក្រុមហ៊ុនបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិត្រពាំងផ្លាំង ស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ។
ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោបានប្រាប់កាលពីថ្ងៃទី១៨ខែវិច្ឆិកាថាករណីនេះកើតឡើងរវាងក្រុមហ៊ុន សូ ងួន ជាមួយប្រជាពលរដ្ឋដែលមានបញ្ហារឿងដីធ្លី ដោយក្រុមហ៊ុនចោទប្រកាន់ប្រជាពលរដ្ឋថា ទៅទន្ទ្រានដីរបស់ក្រុមហ៊ុន ហើយប្រជាពលរដ្ឋចោទប្រកាន់ក្រុមហ៊ុនថាទៅទន្ទ្រានដីរបស់ប្រជាពលរដ្ឋហើយក្រុមហ៊ុនបានដាក់សន្តិសុខយាមដីនៅពេលដែលប្រចាពលរដ្ឋចូលមក គឺសន្តិសុខដេញចេញ។កន្លងមកមិនដឹងថា មានបញ្ហាយ៉ាងម៉េច គឺសមត្ថកិច្ចអត់ដឹងទេ។ ហើយនៅថ្ងៃទី១៨ វិច្ឆិកា នេះ សន្តិសុខបានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្រក្រុមហ៊ុន ត្រូវបានប្រជាពលរដ្ឋប្រើកាំភ្លើងកែច្នៃ (ប្រើគ្រាប់កាំកង់) បានបាញ់ទៅលើសន្តិសុខបានបណ្តាលឲ្យរបួសម្នាក់ និងម្នាក់ទៀតស្លាប់។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា នៅពេលកម្លាំងពីខេត្ត និងកម្លាំងស្រុកទៅដល់កន្លែងកើតហេតុ គឺជនល្មើសបានរត់គេចខ្លួនបាត់អស់ ប៉ុន្តែសមត្ថកិច្ចបានកំណត់ក្រុមជនបង្ក និងមេខ្លោងបានហើយ ។ក្នុងនោះសមត្ថកិច្ចបានដកហូតកាំភ្លើងកែច្នៃពីរដើម។
លោកស្នងការបានបន្តថា ជនរងគ្រោះទាំងពីរនាក់ ឈ្មោះ ផន ដា អាយុ៣១ឆ្នាំ មានស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បានរងរបួសធ្ងន់។ឈ្មោះ នួន ភ័ក្ត្រា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង រងរបួសត្រង់ក្រោមក្លៀក ស្លាប់នៅនឹងកន្លែង៕
ជនសង្ស័យ
ជនសង្ស័យ