Home ព័ត៌មានជាតិ សេដ្ឋកិច្ច សត្វ​ក្រួចគ្ម...

សត្វ​ក្រួចគ្មាន​ច្បាប់​អនុញ្ញាត​ជាង​មួយ​តោន ដឹក​ពី​វៀតណាមត្រូវបានប​ង្ក្រា​ប​

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម បាន​ស្ទាក់​បង្ក្រាប​រថយន្ត​មួយគ្រឿង ដែល​ដឹក សត្វក្រួចចំនួន​៥០​កេស ទម្ងន់​១​តោន​កន្លះ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដឹក​ពី​ប្រទេស​វៀតណាម នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច បង្ហើប​ប្រាប់ថា ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ , ក្រុមការងារ បាន​ចុះ​ស្ទាក់ចាប់​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ចំណុះ​៣,៥​តោន ពាក់​ស្លាក​លេខ​កំពត 3A-0970 ដឹក​សត្វ​ក្រួច ចំនួន​៥០​កេស​ស្មើនឹង​១.៥០០​គីឡូក្រាម ។​

​រថយន្ត​មួយ​នេះ បាន​ដឹក​ចេញ​មកពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​ព្រែក​ចាក ខេត្តកំពត ឆ្ពោះទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​គ្មាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន​សត្វ ពី​ក្រសួងកសិកម្ម នោះទេ ។​

​បច្ចុប្បន្ន ក្រុមការងារ​បាន​នាំយក​វត្ថុតាង ខាងលើនេះ ទៅ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕សរន


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular