ដោយៈសរិទ្ធ/ភ្នំពេញ: កម្លាំងនគរបាលនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពឆក់កាបូបរបស់ស្ដ្រីម្នាក់បានសម្រេច កាលពីព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរស្តុបការ៉េប្រាំបី ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យឈ្មោះ ក្រួច តារាវិសាល ហៅ ហ៊ីម ភេទប្រុស អាយុ២៤ ឆ្នាំ ទីលំនៅផ្ទះលេខ៣៦៣ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ទី១/ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 1IG-4658 ។ ទី២/កាបូបដាក់លុយ (ក្រវ៉ាត់ចង្កេះខាងមុខ) ពណ៌ខ្មៅ លាយខៀវចំនួន០១, ទី៣/លុយខ្មែរចំនួន ៦៥,០០០រៀល ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះប្រាកដមែន។ ហើយកន្លងមករូបគេ ធ្លាប់បានធ្វើសកម្មភាពលួច និងឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកមកហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕