ដោយៈ ជា សីហៈ/ភ្នំពេញៈលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងមន្ត្រីជំនាញ បានជួបប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ លោកស្រី Benita Ainabe ជំនាញការវិស័យហិរញ្ញវត្ថុ។
ជំនួបនេះបានរៀបចំឡើងកាលពី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅក្នុង គោលបំណង ដើម្បីតាមដានពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយសកម្មភាពដែលមាននៅក្នុងអនុកម្មវិធីទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន (IFSD-SP3) ក៏ដូចជាលទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបានពីជំនួយបច្ចេកទេសសម្រាប់គាំទ្រការអនុវត្តអនុកម្មវិធីទី៣នេះប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា អនុកម្មវិធីទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន មានរយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ និងផ្ដោតសំខាន់លើកំណែទម្រង់គោលនយោបាយដែលគាំទ្រដល់ការពង្រីកបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
កន្លងមក ធនាគារជាតិនៃកម្ពុជាដែលជាស្ថាប័នដឹកនាំការអនុវត្តគម្រោង IFSD ព្រមទាំងស្ថាប័នអនុវត្តគម្រោងដែលរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុវត្តអនុកម្មវិធីទី១ និងទី២ ប្រកបដោយជោគជ័យ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី៕