ដោយ: គង់ហេង/កំពង់ចាម: ដោយបន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងការគ្រប់គ្រងរដ្ឋបាលឱ្យមានប្រសិទ្ធិភាព អាជ្ញាធរខេត្តកំពង់ចាមបានក្រើនរំលឹក ដល់ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្តនេះទាំងអស់ ត្រូវខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវ:ពោល គឺធ្វើយ៉ាងណាឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ។
នៅក្នុងពិធីតែងតាំងចូលកាន់តំណែងលោក ថៃ ពិសិដ្ឋ ជាប្រធានមន្ទីរមុខងារសាធារណ: ជំនួសលោក ម៉ម ភឿក ដែលត្រូវទៅទទួលភារកិច្ចថ្មី នៅក្នុងសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក ព្រំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: នៅព្រឹកថ្ងៃទី ២០ វិច្ឆិកាលោក អ៊ុន ចានដា ជាអភិបាលខេត្តនេះបានមានប្រសាសន៍ស្វាគមន៍ថា ការប្រកាសចូលកាន់តំណែងប្រធានមន្ទីរមុខងារសាធារណ:នាពេលនេះ ជាយន្តការធម្មតា របស់មន្ត្រីរាជការ ដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រង និងដឹកនាំរដ្ឋបាលមន្ទីរ ប៉ុន្តែថ្នាក់ដឹកនាំមន្ទីរ អង្គភាពទាំងអស់ ពិសេសសលោកប្រធានមន្ទីរមុខងារសាធារណ:ដែលទទួលការតែងតាំងថ្មី ត្រូវខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវ: ឱ្យអស់ពីសមត្ថភាពក្នុងស្មារតីទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តលើវិស័យរបស់ខ្លួន។
លោកបានបន្តថា ជាមួយនោះត្រូវបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅ ការអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណ: ដែលជាអាទិភាពមួយត្រូវយកចិត្តទុកដាក់ ដើម្បីប្រែក្លាយជាមន្ត្រីរាជការមានសមត្ថភាព មនសិការវិជ្ជាជីវ: និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមយុគសម័យបច្ចេកវិទ្យា៕