ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួន ក្នុងអំពើហិង្សា បង្ករបួសស្នាម ដល់អ្នកដដៃ បន្ទាប់ពីផឹកស៊ីស្រវឹង ឌឺដងពាក្យសំដីដាក់គ្នា ក្នុងវង់ផឹកស៊ី។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២និង១៥នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។
អធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ឆាយ ខេមរត្ន បានឱ្យដឹងនៅថ្ងៃទី២០ វិច្ឆិកា នេះថាៈ ជនសង្ស័យ ឈ្មោះឡាយ ឆេងលី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។ បុរសនេះ បានប្រព្រឹត្តអំពើហិង្សា ដោយចេតនា ដោយបានប្រើច្រវាចែវទូក វាយជនរងគ្រោះ ឈ្មោះ រត្នបូរី អាយុ៣៧ឆ្នាំ មានទីលំនៅ ក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង បណ្ដាលអោយជនរងគ្រោះ រងរបួសធ្ងន់។
អធិការនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានផឹកស៊ីជាមួយគ្នា នៅពេលស្រវឹងខ្លាំង គ្រាដែលជនរងគ្រោះ ឌឺដងពាក្យសម្តី ដាក់ទៅជនដៃដល់ ដោយទ្រាំមិនបាន ជនដៃដល់ បានស្ទុះទាញច្រវាចែវទូក វ៉ៃទៅលើជនរងគ្រោះ បណ្តាលអោយ រងរបួសធ្ងន់។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងដកហូត ហើយបានត្រូវបញ្ជូន មកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្ត តាមនីតិវិធី ៕/V