ដោយៈ រិទ្ធិសែន / ពោធិ៍សាត់ៈ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកកូនត្រីអណ្ដែង ចំនួន៦៤គីឡូក្រាម និងចំណីត្រី ចែកជូនដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រី ចំនួន៣២គ្រួសារ នៅភូមិព្រៃក្របៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីចិញ្ចឹម ក្នុងគោលដៅជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នៅក្នុងឱកាសនោះ លោក ភុំ វិមល និងមន្ត្រីក្រុមការងារ បានចុះចែកពូជត្រី និងបានលែងកូនត្រី ទៅតាមតង់ប្លាស្ទិក និងបានផ្តល់បច្ចេកទេសបន្ថែម ដល់ដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រី ទាំងនោះ ។ ទន្ទឹមនឹងនេះ នាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ បានអប់រំណែនាំ ដល់ប្រជាពលរដ្ឋ ដែលជាបណ្ដុំកសិករចិញ្ចឹមត្រី តាមស្រះ ដាក់ដោយតង់មួយចំនួន ពីវិធីចិញ្ចឹមត្រី ក្នុងនោះ ត្រូវបានដាំចកអាសូឡា សម្រាប់ធ្វើជាចំណី ក្នុងការចិញ្ចឹមត្រីអណ្តែង តាមការណែនាំ របស់មន្ត្រីជលផល ។
នាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ បានបញ្ជាក់ថាៈ ការចិញ្ចឹមត្រីអណ្ដែង តាមស្រះដាក់ថង់ប្លាស្ទិកតូចៗតាមផ្ទះ គឺជាការចិញ្ចឹមងាយបំផុត ពីពីរ ទៅបីខែ អាចចាប់លក់បាន ដើម្បីដោះស្រាយជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋបណ្ដុំកសិករចិញ្ចឹមត្រី ដើម្បីបង្កើនជីវភាពរស់នៅ បានល្អប្រសើរ ។ ទោះជាយ៉ាងនេះក្តី មន្ត្រីជំនាញ នៅខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ ត្រូវតែបន្តចុះតាមដាន ជាប្រចាំ រាល់សកម្មភាពនៃការចិញ្ចឹមត្រី របស់បងប្អូនប្រជាពលរដ្ឋ កសិករបណ្តុំចិញ្ចឹមត្រី ជារៀងរាល់ពេល និងផ្ដល់បទពិសោធន៍ លើជំនាញផ្នែកចិញ្ចឹមត្រី បន្ថែមទៀត ទៅដល់ពួកគាត់ ៕/V