ដោយៈ គូលែន / សៀមរាបៈ នគរបាលស្រុកប្រាសាទបាគង បានស្រាវជ្រាវ ដឹងពីឈ្មោះរបស់ ជនរងគ្រោះ ដោយសាររថយន្តហ៊ីយាន់ដាយ បុកក្នុងទិសដៅ បញ្ច្រាសគ្នា ជាមួយរថយន្តតូយ៉ូតា ហ្វរធូនើរហើយ ក្រោយពីករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិស្វាយជ័យ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក៏ប៉ុន្តែក្រោយកើតហេតុ អ្នកបើករថយន្តហ៊ីយាន់ដាយ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចជំនាញ នៅមិនទាន់បានដឹងពីអត្តសញ្ញាណនៅឡើយ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាល ស្រុកប្រាសាទបាគង បាននិយាយថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្ត ម៉ាកហ៊ីយាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៤A ៤៨៣៦ បើកបរពី ទិសខាងលិច ទៅទិសខាងកើត និងមិនស្គាល់អត្តសញ្ញាណ អ្នកបើកបរឡើយ។ លុះមកដល់ចំណុចកើតហេតុ រថយន្តម៉ាកហ៊ីយាន់ដាយ បានបុកជាមួយរថយន្តម៉ាកតូយ៉ូតា ហ្វរធូនើរ ពាក់ស្លាកលេខ សៀមរាប ២B ៤២៩៩ បណ្តាលឱ្យភាគីរថយន្តតូយ៉ូតា បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
លោកអធិការនគរបាល ស្រុកប្រាសាទបាគង បាននិយាយទៀតថាៈ ក្រោយពីកើតហេតុ អ្នកបើករថយន្ត ម៉ាកហ៊ីយាន់ដាយ បានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ឥឡូវនេះ បានស្គាល់ឈ្មោះហើយ គឺរបួសស្រាល ទាំង ៤ នាក់ រួមមានៈ ១.ឈ្មោះ ស៊ិន ហុកលី ភេទប្រុស អាយុ ៣៧ ឆ្នាំ , ២.ឈ្មោះ វី វិន ភេទស្រី អាយុ ៣២ ឆ្នាំ , ៣.ឈ្មោះ លី សៀវមី ភេទប្រុស អាយុ ៣៧ ឆ្នាំ, ជនរងគ្រោះ បីនាក់នេះ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប និង៤.ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ៕/V