Home ព័ត៌មានជាតិ សន្តិសុខ ​អាវុធហត្ថ​ខណ...

​អាវុធហត្ថ​ខណ្ឌដង្កោ ពីរ​នាក់ ជិះ​ម៉ូតូ​ល្បាត ត្រូវ​រថយន្តបុក ឱ្យ​របួស​ធ្ងន់ធ្ងរ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌដង្កោ ចំនួន​ពីរ​នាក់ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ល្បាត ក្នុង​មូលដ្ឋាន ស្រាប់តែ​រថយន្ត មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង ២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្លូវ​២១៧ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ រថយន្ត​បង្ក ម៉ាក TOYOTA PRIUS ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BG-6319 បើកបរ​ដោយ​ឈ្មោះ ម៉ិច ណាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ចំណែក​ម៉ូតូ​ម៉ាក HONDA DEGREE ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 1AO-6880 អ្នកបើកបរ ឈ្មោះ ទ្រី ម៉េង​ស្រ៊ុន អាយុ​២៦​ឆ្នាំ និង​រួម​ដំណើរ​ដោយ​ឈ្មោះ ថោង សុផារ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បុរស​ទាំងពីរ​នាក់ មានមុខ​របរ ជា​មន្ត្រី​អាវុធហត្ថ ខណ្ឌដង្កោ​។​

​សមត្ថកិច្ច បាន​បន្ថែមថាៈ មុនដំបូង កម្លាំង​អាវុធហត្ថ ខណ្ឌដង្កោ បានចេញ​ល្បាត ពួនស្ទាក់ ក្នុងភូមិ​សាស្ត្រ ។ លុះ​មកដល់​ចំណុច ផ្លូវ​បេតុង បឹង​តា​ម៉ា​ត ភូមិ​ខ្វា សង្កាត់​ដង្កោ កងកម្លាំង បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមទាំង​វត្ថុតាង នៅលើ​រ៉ឺម៉ក ដែល​ជនសង្ស័យ លួចបាន​យកមក​សួរនាំ នៅ​មូលដ្ឋាន​ខណ្ឌដង្កោ​។ នៅពេល​កំពុងធ្វើដំណើរ មកដល់​ចំណុច ផ្លូវ​២១៧ ភូមិ​សំបួរ សង្កាត់​ដង្កោ ក៏មាន​រថយន្ត ១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន មក​បុក​ក្រុម​ល្បាត ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​រងរបួស​ធ្ងន់​តែម្តង​។ ក្រោយ​បង្ក​គ្រោះថ្នាក់​រួច រថយន្ត​មិន​ព្រម​ទទួលខុសត្រូវ ក៏បាន​បន្ថែម​ល្បឿន ទៅមុខ​បន្តទៀត​។ ពេលនោះ កងកម្លាំង​សមត្ថកិច្ច ក៏​ដេញតាម​រហូតដល់​មុខ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ទើប​ឃាត់​បាន​ទាំង​អ្នកបើកបរ និង​រថយន្ត​។​
​បច្ចុប្បន្ន ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ប្រគល់អោយ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular