ប្រែសម្រួលៈវាសនា/តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនបានប្រកាសកាលពីថ្ងៃសុក្រថា សមភាគីចិននឹងមកធ្វើទស្សនកិច្ចក្រុងតូក្យូ នៅសប្តាហ៍ក្រោយនៅពេលមហាអំណាចអាស៊ីទាំងពីរនឹងពិភាក្សាគ្នារកវិធីបន្តទស្សនកិច្ចទ្វេភាគីដើម្បីធ្វើអោយសេដ្ឋកិច្ចដែលរងការវាយប្រហារពីកូវីដ១៩នេះ មានសកម្មភាពឡើងវិញ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តូស៊ីមីតស៊ូ ម៉ូតេហ្គី បាននិយាយថា «មានបញ្ហាព្រួយបារម្ភជាច្រើនរវាងជប៉ុននិងចិន ហើយវាសំខាន់ដែលយើងដោះស្រាយពួកវាមួយម្តងៗ តាមរយៈជំនួបថ្នាក់ខ្ពស់ដូចនេះ។«ខ្ញុំរំពឹងថា នឹងមានការផ្លាស់ប្តូរទស្សនៈស្មោះទៅស្មោះមកស្តីពីបញ្ហាតំបន់ ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩នៅទូទាំងពិភពលោក ព្រមទាំងបញ្ហាអន្តរជាតិដទៃទៀត»។
ក្នុងអំឡុងពេលទស្សនកិច្ចថ្ងៃ២៤-២៥វិច្ឆិកា លោកម៉ូតេហ្គី និងលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ត្រូវរំពឹងថានឹងពិភាក្សា ការបន្តដំណើរទស្សនកិច្ចរបស់មន្ត្រីនិងធុរជនរវាងមហាអំណាចអាស៊ីទាំងពីរ តាមរយៈកម្មវិធី«ផ្លូវធុរកិច្ច» ដែលអនុញ្ញាតអោយភ្ញៀវចូលពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចមានកំរិត ក្នុងអំឡុងពេលចត្តាឡីស័ក១៤ថ្ងៃរបស់គេ។
លោកម៉ូតេហ្គី បានកត់សំគាល់ថា ភ្ញៀវចិនជាប់លេខ១ក្នុងចំណោមទេសចរបរទេសនៅជប៉ុនមុនផ្ទុះជំងឺកូវីដ១៩ និងលោកសង្ឃឹមថានឹងពិភាក្សាអំពីវិធីដែលអ្នកទេសចរចិនវិលមកកាន់ជប៉ុនវិញជាមួយនឹងវិធានការបង្ការជំងឺ៕
រូបឯកសារកាលពីខែវិច្ឆិកាឆ្នាំ២០១៩ លោកវ៉ាង យី ថតជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក តូស៊ីមីតស៊ូ ម៉ូតេហ្គី មុនជំនួបមួយនៅតូក្យូ