ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រោយព្រមព្រៀង ទទួលយកដំណោះស្រាយឈ្នះឈ្នះ និងបញ្ចប់ទំនាស់ដីធ្លី នៅចំណុចបឹងជង្រុក និង ចំណុច ៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងចែកដីនោះ ដល់ពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី នាពេលដ៏ខ្លីខាងមុខ ហើយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែងបន្ថែមទៀតផង ។ នេះបើតាមលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលលោក បានដឹកនាំ មន្ត្រីក្រុមការងារ ចុះទៅត្រួតពិនិត្យមើល ទីតាំង នៃដីធ្លីទំហំ ៣០០ ហិកតា ដែលនឹងបញ្ចប់ការដោះស្រាយទំនាស់ ។
សូមរំលឹកថា ក្រោយពលរដ្ឋគូវិវាទ ព្រមព្រៀងដោះស្រាយ បញ្ចប់ទំនាស់ មន្ត្រីចម្រុះពីថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ ភូមិ បានចុះសម្របសម្រួល ដោះស្រាយ ករណីទំនាស់ដីធ្លីរ៉ាំរៃ នៅចំណុចបឹងជង្រុក និងចំណុច ៦៧១ (អតីតដីសម្បទាន អោយយោធិនខ្មែរក្រហម វរសេនាតូចលេខ៦៧១ កងពលលេខ២១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីចម្រុះខាងលើ បានដឹកនាំដោយលោក ប៉ានខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ៏យ លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក ស្វាយ ជា អភិបាលរង ស្រុកម៉ាឡៃ មន្ត្រីភូមិបាលស្រុក និងសមត្ថកិច្ចជំនាញ កងកម្លាំង ។ មន្ត្រីទាំងនោះ បានធ្វើការទាំងថ្ងៃធ្វើការ ទាំងថ្ងៃសម្រាក អស់ជិត ១ខែ តាំងពីចុងខែតុលា ឆ្នាំ២០២០ កន្លងមក ដោយចុះសម្របសម្រួល និងដោះស្រាយ ជូនដល់ពលរដ្ឋគូទំនាស់ ពោលគឺបានបញ្ចប់ ១ ជំហាន ជាបណ្តោះអាសន្ន កាលពីចុងសប្តាហ៍មុន នៃខែវិច្ចិកានេះ។
មកទល់ពេលនេះ និងតទៅ នៅចំណុចខ្លះ នឹងមានកម្មវិធីអភិវឌ្ឍន៍ ដោយចាប់ផ្តើម ដូចជាការវាស់វែង កំណត់និយាមការទីតាំង ការបោសសម្អាតមីន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ការបែងចែកដីធ្លី ដល់អ្នកមានសិទ្ធិស្របច្បាប់ នៃគូវិវាទ និងដីសម្បទាន៕/V