ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យៈ រថយន្តតូយ៉ូតា ហៃឡាក់វីហ្គោ ២បាំង មួយគ្រឿង បានត្រូវអ្នកបើក បញ្ជារត់ក្នុងល្បឿនលឿន ហើយក៏ជ្រុលច្រឡោត ខាងក្បាល បុកជុចដី ហើយឡងខាងកន្ទុយ ឡើងដើមឈើធ្នង់ រួចទាល់តែយកត្រាក់ទ័រ ចូកទប់ ទាញទម្លាក់ ចុះទើបបាន ។
ហេតុការណ៍នោះ បានកើតឡើង កាលពីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវខេត្តលេខ ២៦៦៥ ធ្លក-បន្ទាយឆ្មារ នាចំណុចសាលាបឋមសិក្សាធ្លក ស្ថិតក្នុងភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អ្នកឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះ បានឲ្យកាសែត រស្មីកម្ពុជាដឹងថាៈ រថយន្តម៉ាក តូយ៉ូតា ហៃឡាក់ វីហ្គោ ២បាំង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BI 6043 មានម្ចាស់ឈ្មោះ លឿត ភេទប្រុស នៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ប្រភព បានបន្តថាៈ ក្នុងពេលគ្រោះថ្នាក់នោះ គឺកូនប្រុសរបស់លោក ជាអ្នកបើកបរ ដោយចេញពីផ្លូវជាតិលេខ ៥៨ ត្រង់ចំណុចអក្សរតេ ( T ) បត់ទៅទិសខាង កើត រត់លើផ្លូវខេត្តលេខ ២៦៦៥ តែដោយល្បឿនលឿនពេក ហើយជាន់ហ្វ្រាំង ក្បាលរថយន្ត បុកជុចនឹងដីថ្នល់ ហើយច្រឡោតឡង ផ្នែកខាងកន្ទុយឡាន ទៅជាប់លើដើមធ្នង់ ដែលស្ថិតនៅក្បែរផ្លូវ បង្កអោយរថយន្ត ខូចខាតជាច្រើនកន្លែង ។
ដើម្បីយករថយន្ត ចុះមកបាន ទាល់តែយកត្រាក់ទ័រ ចូកទប់ ទាញដាក់ចុះ ហើយយកទៅជួសជុលខ្លួនឯង។ ឯខាងប៉ូលិស ក៏អត់ទៅរករឿង ឬកោសរូស រកលុយកាក់ ខុសត្រូវអីដែរ ។ ទោះជាយ៉ាងណា សំណាង១ ក្នុង ១.០០០ គ្រោះថ្នាក់ ពីព្រោះករណីនេះ ពុំបង្កអោយអ្នកបើកបរ និងអ្នករួមដំណើរ រងរបួស ឬ ស្លាប់ឡើយ នោះដោយសារបានពាក់ខ្សែក្រវាត់ ៕/V