ដោយ:បញ្ញាសាស្ត្រ/ភ្នំពេញ:ថ្ងៃនេះ ពន្លកតារា កុមារី យ៉ង់ ស្រីនីត បានចាប់ផ្តើមបើកទំព័រ ជីវិតថ្មីលើវិថីសិល្បៈហើយ ដោយនាងបានចាប់ផ្តើមថតរឿងអប់រំខ្លី ក្រោមការដឹកនាំសម្តែង របស់តារាកំប្លែងនាយពែកមី។
ឆ្លើយឆ្លងតាមទូរស័ព្ទជាមួយវេបសាយរស្មីកម្ពុជា លោកបានប្រាប់ថា មិនត្រឹមតែជាអ្នកបើកផ្លូវសិល្បៈសម្រាប់កុមាររី យ៉ង់ ស្រីនីត ប៉ុណ្ណោះទេ លោកបានបន្ថែមការយកចិត្តទុកដាក់មួយផ្នែកទៀតលើការស្នាក់នៅ ផ្ទះរបស់លោកផងដែរ ប្រសិន បើមានសប្បុរសជន ឬសាលាណា ជួយផ្គត់ផ្គង់សាលាដល់នាងនិងយាន្តជំនិះសម្រាប់ទៅសាលា។
លោកនិយាយថា “ខ្ញុំអាចឲ្យនាងស្នាក់នៅផ្ទះខ្ញុំបាន និងគេងជាមួយកូនស្រីខ្ញុំព្រោះពួកគាត់ទាំងពីរនាក់មានអាយុប៉ុនៗគ្នា តែខ្ញុំចង់បានសប្បុរសជន ផ្តល់សាលា អោយគាត់ ព្រោះគាត់ចង់រៀននៅភ្នំពេញ។ ខ្ញុំចង់ជួយគាត់ អោយបានដល់ត្រើយ ព្រោះគ្រួសារគាត់ក្រីក្រណាស់”។
លោកបន្ថែមថា គ្រាន់តែមកដល់ភ្លាមចេញថតភ្លាមៗ ប៉ុណ្ណេះ មានគេទាក់ទងមកពីរនាក់ហើយ។ ដូច្នេះ ចំពោះទីផ្សារសិល្បៈសម្រាប់កុមារី រូបនេះ នឹងមានជាហូរហែព្រោះមាននាយពែកមីជាដើមទុនស្រេច។
ចំណែកការចេញថតនៅថ្ងៃទី២០ វិច្ឆិកា នេះ លោកថា នាងពិតជាមានឧបនិស្ស័យខាងសិល្បៈ៧០ភាគរយ ។ថ្វីត្បិតតែនាងចាប់សម្តែងថ្មី តែនាងមិនភ័យ មិនខ្លាច និងអាចធ្វើតាមយើងបាន ៧០ភាគរយនៃអ្វីដែលយើងឲ្យគាត់ធ្វើ៕