ជែក ម៉ា ប្រាប់​កសិករ​ថៃ​ថា ដល់ពេល​ត្រូវ​ប្រើ​ឌីជីថល​ហើយ​

1218
ចែករម្លែក

​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ចិន Alibaba Group បាន​ព្រមព្រៀងគ្នា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​ប្រតិបត្តិ ជែក ម៉ា ទៅកាន់​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​មេសា​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​កសិករ​នៅក្នុង​ប្រទេស​ថៃ​តាមរយៈ​ការភ្ជាប់​ទំនាក់ទំនង​ឌីជីថល តាមរយៈ​បណ្តាញ​វេ​ប​សាយ​របស់ខ្លួន​។​

​ក្រុមហ៊ុន​ក៏បាន​ពិភាក្សា​អំពី​ផែនការ​សម្រាប់​មជ្ឈមណ្ឌល​ឌីជីថល​ទំនើប ដែល​នឹងត្រូវ​អភិវឌ្ឍ​នៅក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) ដោយ​ផ្អែកលើ​ការវិនិយោគ​ថ្មីៗ​របស់​ក្រុមហ៊ុន​នៅ​ទីនោះ​។​

​សហ​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba លោក​ម៉ា​បាន​ជួប​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ឧបនាយករដ្ឋមន្ត្រី​លោក សំ​គីត ចា​ទូ​ស្រី​ពី​តាក់ និង​ក្រុម​សេដ្ឋកិច្ច​ដទៃទៀត​របស់​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​និង​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ថៃ​។​

​អនុស្សរណៈ​យោគយល់​ចំនួន​៤​ត្រូវបាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ចំនួន​៤​គឺ​ការប្រើប្រាស់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​ក្នុងស្រុក​ទៅកាន់​ប្រទេស​ចិន ការអភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ប្រតិ​ប​តិ្ត​ការ​អេ​ឡិច​ត្រូ​និ​ច​ថៃ​និង​អាជីវកម្ម​ថ្មីថ្មោង ការបើក​បណ្តាញ​ទេសចរណ៍​ឌីជីថល​នៅក្នុង​ប្រទេស​ថៃ និង​ការវិនិយោគ ១១ ពាន់​លាន​បាត (៣៥២,៤ លាន​ដុល្លារ​អាមេរិក​) របស់​ក្រុមហ៊ុន Alibaba នៅក្នុង​មជ្ឈមណ្ឌល​ឌីជីថល​ឆ្លាត​វៃ​នៅក្នុង EEC​។​

​បន្ទាប់ពី​ជួបប្រជុំ លោក​ម៉ា​និយាយថា “​ប្រទេស​ចិន​កំពុង​ឆ្ពោះទៅរក​ការ​ក្លាយជា​អ្នកប្រើប្រាស់​ធំ​បំផុត​របស់​ពិភពលោក ដែល​ជំរុញ​ដោយ​ប្រាក់ចំណូល​កើនឡើង​ខ្ពស់ និង កំណើនប្រជាជន​ថ្នាក់កណ្តាល​ដល់​ទៅ ៣០០ លាន​នាក់​។ គ្មាន​ពេលវេលា​ណា​ល្អ​ជាង​ពេលបច្ចុប្បន្ន​នេះឡើយ សម្រាប់​បណ្តា​ប្រទេស​ដែល​ផ្តោតលើ​ពាណិជ្ជកម្ម​ដើម្បី​ចាប់យក​ឱកាស​នេះ ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន នៅពេលដែល​ប្រទេស​នេះ​បន្ត​បើកទ្វារ​របស់ខ្លួន​កាន់តែ​ទូលំទូលាយ​សម្រាប់​ពាណិជ្ជកម្ម​សកល​”​។​

​លោក​ក៏បាន​កោតសរសើរ​ដល់​ផលិតផល​កសិកម្ម​ថៃ​និង​ទស្សនវិស័យ​ឌីជីថល​របស់​ថៃ​ផងដែរ​។​

​លោក​បាន​និយាយថា “​ផលិតផល​កសិកម្ម​គុណភាព​ល្អ​របស់​ថៃ​ដូចជា ស្រូវ​ក្រអូប ទុរេន និង​ផ្លែឈើ​ត្រូពិច​ដទៃទៀត គឺ​ត្រូវបាន​អ្នកប្រើប្រាស់​ចិន​តាម​ស្វែងរក​យ៉ាង​ពិសេស​តែម្តង​”​។​

​លោក​បន្តថា “​ដោយសារ​ភាពខ្លាំង​ក្លា​ដ៏​ពិសេស​របស់​ប្រជាជន​និង​វប្បធម៌​ថៃ យើង​មាន​ទំនុកចិត្ត​លើ​អនាគត​និង​សក្តានុពល​កំណើន​របស់​ប្រទេស​នេះ ក្រោម​គោលនយោបាយ​ថៃ​៤​ចុច​សូន្យ (4.0)”​។​

​សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​បន្ថែមថា “​យើង​ប្តេជ្ញា​ធ្វើជា​ដៃគូ​យូរអង្វែង​របស់​ថៃ​ដើម្បី​ជួយ​ដល់​ការផ្លាស់ប្តូរ​ឌីជីថល​របស់​ថៃ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​និយាយថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Alibaba Group នឹង​លើកកម្ពស់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ចរ​បស់​ប្រទេស​នេះ ហើយ​វា​នឹង​ល្អ​សម្រាប់​កំណើនសេដ្ឋកិច្ច​។​

​លោក​និយាយថា “​ក្រុមហ៊ុន​នេះ​ជឿថា​ប្រទេស​ថៃ​មាន​សក្តានុពល​ក្នុងការ​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅក្នុង​តំបន់ ដែល​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ហើយ​វា​ក៏​នឹង​ជួយ​អភិវឌ្ឍ​ប្រទេសជិតខាង​ផងដែរ​”​។​

​លោក​ប្រា​យុទ្ធ​បាន​កត់សម្គាល់ថា “​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ជួយ​ដល់​សហគមន៍​ក្នុងស្រុក និង​ជួយ​កសិករ​បង្កើន​ប្រាក់ចំណូល​របស់​ពួកគេ ដោយសារតែ​ការដឹកជញ្ជូន​នឹង​ត្រូវបាន​កែលម្អ​ច្រើន ហើយ​ផលិតផល​កសិកម្ម​អាច​នឹង​ត្រូវបាន​ដឹកជញ្ជូន​ក្នុង​រយៈពេល ២៤ ម៉ោង​”​។​

​នាយករដ្ឋមន្ត្រី​បាន​និយាយថា ថៃ​និង​ចិន​ក៏​អាចបង្កើត​ចំណូល​តាមរយៈ​បណ្តាញ​ឌីជីថល​សម្រាប់​វិស័យ​ទេសចរណ៍ ដែល​ក្រុមហ៊ុន Alibaba និង​រដ្ឋាភិបាល​ថៃ​បាន​យល់ព្រម​បង្កើត​ផងដែរ​។​

​លោក​សំ​គីត​និយាយថា ការវិនិយោគ​របស់​ក្រុមហ៊ុន Alibaba នៅក្នុង​មជ្ឈមណ្ឌល​ឌីជីថល​ឆ្លាត​វៃ​នឹង​ក្លាយជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុងការ​ផ្សាភ្ជាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​ថៃ (Thai SMEs), Otop (​តំបន់​មួយ ផលិតផល​មួយ​) និង​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​ចិន​និង​ទីផ្សារ​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

លោក ជែក ម៉ា ជួប លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នៅ​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម