ដោយៈ សរិទ្ធ / ភ្នំពេញៈ ប្តីប្រពន្ធ ពីរនាក់ ជាអ្នករកស៊ីលក់បន្លែ ពេលចុះពីរថយន្ត រង់ចាំទិញបន្លែ យកទៅលក់ ក៏ត្រូវជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់យក កាបូបស្ពាយ អស់លុយខ្មែរ និងដុល្លារ ប្រមាណជិត ១ ម៉ឺនដុល្លារ កាលពីវេលាម៉ោង ២និង២០នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ បណ្តាំ ភេទស្រី និងប្តី មិនបានឱ្យស្គាល់ អត្តសញ្ញាណ ស្នាក់នៅខេត្តកំពង់ស្ពឺ។ ចំណែកសម្ភារបាត់បង់ មានលុយខ្មែរ ជាង ៣ លានរៀល និងលុយអាមេរិក ចំនួនជាង ៥.០០០ ដុល្លារ ។
ស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ជាមួយនឹងប្តី បានបើករថយន្ត ចេញពីខេត្តកំពង់ស្ពឺ មកផ្សារដើមគ ដូចសព្វដង ដើម្បីទិញបន្លែ យកទៅលក់បន្ត នៅឯខេត្ត។ លុះមកដល់ចំណុច កើតហេតុ ក៍បានឈប់រថយន្ត អែបចិញ្ចើមផ្លូវ រងចាំម៉ូយ យកបន្លែមកឱ្យ ដោយប្តី បានដេក ក្នុងរថយន្ត។ ចំណែកគាត់ បានចុះពីលើរថយន្ត ឈរលើផ្លូវ ហើយគាប់ជួនពេលនោះ ក៏ស្រាប់តែបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម មួយគ្រឿង ជិះក្រឡឹងមួយជុំខ្លួនគាត់ យុវជនសង្ស័យ បានបត់ត្រឡប់ ក្រោយវិញ ក៍បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ លើខ្លួនរបស់គាត់ យកទៅបាត់តែម្ដង។ លុះប្រហែលជា កន្លះម៉ោង ក្រោយមក ទើបដំណឹងនេះ បានឮដល់សមត្ថកិច្ចមូលដ្ឋាន ក៏ចុះទៅសាកសួរ និងអោយជនរងគ្រោះ ដាក់ពាក្យបណ្ដឹង នៅកណ្តាលផ្លូវ ដោយមិនចាំបាច់ ទៅប៉ុស្តិ៍នគរបាល រដ្ឋបាលទួលស្វាយព្រៃ ២ នោះទេ៕/V