ដោយៈ សរិទ្ធ / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមបុគ្គលិក មេការ កម្មករសំណង់ជនជាតិចិន និងជនជាតិខ្មែរ ជាច្រើននាក់ បាននាំគ្នា មកកាន់ស្ថានទូតចិន ក្នុងគោលបំណង សុំរកអន្តរាគមន៍ ខណៈក្រុមហ៊ុន ការដ្ឋានសំណង់អគារខុនដូ យីហោ PHNOM PENH STAR ដែលមានទីតាំង នៅផ្លូវលេខ ៥០៨ ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន មិនបានបើកប្រាក់ខែឱ្យ ដែលគិតជាទឹកប្រាក់ សរុបរហូតទៅដល់ជាង ១ លានដុល្លារ។
តាមប្រភពពីស្ត្រី ជាអ្នកបកប្រែម្នាក់ បានប្រាប់ឱ្យដឹងថាៈ មានក្រុមបុគ្គលិក មេការ កម្មករសំណង់ ប្រុសស្រី ភាគច្រើន ជាជនជាតិចិន និងមួយចំនួនតូច ជាជនជាតិខ្មែរ មានគ្នាជាង ៤០ នាក់ ដែលធ្វើការនៅការដ្ឋានសំណង់ អគារខុនដូ មានកំពស់ ២២ជាន់ របស់ក្រុមហ៊ុន «ភ្នំពេញស្តារ» បាននាំគ្នាមកកាន់ ស្ថានទូតចិននេះ ក្នុងគោលបំណង ដើម្បីសុំអោយស្ថានទូត ជួយអន្តរាគមន៍ ទៅដល់ក្រុមហ៊ុន ខាងលើ អោយជួយបើកប្រាក់ខែ ដល់ពួកគាត់ទាំងអស់គ្នា ដែលធ្វើការនៅទីនោះ ខណៈក្រុមហ៊ុន ខាងលើនេះ មិនបានបើកប្រាក់ខែអោយ ដោយអ្នកខ្លះ៣ខែ និងអ្នកខ្លះទៀត ៤ខែមកហើយ នៅមិនទាន់មាន ដំណោះស្រាយឱ្យនោះ។
តាមប្រភពដដែល ក៏បានប្រាប់បន្តថាៈ ក្រុមបុគ្គលិក មេការ និង កម្មករ ដែលធ្វើការនៅក្នុងនៅក្នុង ការដ្ឋានសំណង់អគារខុនដូ របស់ក្រុមហ៊ុន ខាងលើនេះ មានគ្នាសរុបជាង ១០០ នាក់ ដែលគិតជាប្រាក់ខែ រួមទាំងអស់គ្នា មានសរុបរហូតទៅដល់ជាង ១ លានដុល្លារសហរដ្ឋអាមេរិក ដែលក្រុមហ៊ុន មិនបានបើកអោយ ហើយពួកគាត់ ក៏បាននាំគ្នាឈប់ធ្វើការ និងតវ៉ាទាមទារ ដោះស្រាយគ្នា តាំងពីខែមិថុនា រហូតដល់ខែកញ្ញា ជាច្រើនលើក ច្រើនសារ ជាបន្តបន្ទាប់ កន្លងមកហើយ ដោយខាងក្រុមហ៊ុន បានបើកលុយអោយ ចំនួន ២ លើក ដោយលើកទី១ ចំនួន ២ ម៉ឺនដុល្លារ និងលើកទី២ បានចំនួន ១០ ម៉ឺនដុល្លារម្តងទៀត ក៏បាត់ស្ងាត់ឈឹងរហូតមក។
តាមប្រភពដដែលបន្តទៀតថាៈ ការដោះស្រាយ ជាមួយនឹងក្រុមហ៊ុន នាពេលកន្លងមក ហាក់បីដូចជា មិនមានដំណោះស្រាយ ពិតប្រាកដ ក៏នាំមកសុំការអន្តរាគមន៍ ពីស្ថានទូតចិនឲ្យជួយធ្វើអន្តរាគមន៍ឲ្យក្រុមហ៊ុន ឱ្យបើកប្រាក់ខែ។
បន្ទាប់មក ខាងស្ថានទូតចិន ក៏អនុញ្ញាតឱ្យបុរសជនជាតិចិន ចំនួន ២ នាក់ ដែលជាតំណាងក្រុមកម្មករ ចូលទៅខាងក្នុងផងដែរ ហើយក៏ចេញមកខាងក្រៅវិញ រួចនាំគ្នា រំសាយទៅវិញ ហើយក៏មិនទាន់បានដឹងថា មានដំណោះស្រាយគ្នា បែបណានោះទេ ៕/V/សរន