ដោយ: មុនីរ័ត្ន/ភ្នំពេញ: ពាក់ព័ន្ធនិងការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំឱ្យកម្លាំងនគរបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់និងត្រឹមត្រូវតាមគោលការណ៍ច្បាប់ដោយកុំខ្លាចនិងការអន្តរាគមន៍ដាក់គំនាបណាមួយមកលើមន្ត្រីអនុវត្តច្បាប់។
រូបៈស្នងការក្រុងភ្នំពេញប្រាប់កម្លាំងនគរបាលអនុវត្តច្បាប់កុំខ្លាចនិងការអន្តរាគមន៍ដាក់គំនាបណាមួយ
ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីរៀបចំ យុទ្ធសាស្ត្របន្ថែមទៀតពង្រឹងនៃការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពសំដៅកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអ្នកស្លាប់និងអ្នករងរបួសនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯកសថេតបានបញ្ជាក់ថាការអនុវត្តច្បាប់គឺអនុវត្តស្មើភាពគ្នាអ្នកបើកល្មើសត្រូវតែចាប់ឃាត់ពិន័យតាមច្បាប់ដោយមិនយោគយល់ឡើយ។ជាពិសេសត្រូវលប់បំបាត់ការទារប្រាក់មិនចេញវិក័យប័ត្រពីព្រោះបញ្ហានេះប្រសិននៅតែកើតមានវានិងជះឥទ្ធិពលដល់ការអនុវត្តច្បាប់ចរាចរណ៍មិនទទួលបានជោគជ័យឡើយ។
ក្នុងកិច្ចប្រជុំនោះស្នងការនគរបាលរាជធានីភ្នំពេញក៏បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងបញ្ហាបទល្មើសគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះហើយក៏បានឱ្យមន្ត្រីក្រោមឱវាទលើកឡើងពីបញ្ហាប្រឈមនិងលើកយកពិភាក្សាដើម្បីរកយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់បទល្មើសគ្រោះថ្នាក់ចរាចរណ៍ឱ្យមានការថយចុះ។
ក្នុងកិច្ចប្រជុំស្នងការនគរបាលរាជធានីភ្នំពេញក៏បានដាក់ចេញនូវទិសដៅមួយចំនួនដើម្បីឱ្យមន្ត្រីនគរបាលក្រោមឱវាទយកទៅអនុវត្តកិច្ចការងាររឹតបន្តឹងច្បាប់ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាពគឺ១.បង្កើនអនុវត្តច្បាប់ចំណុចគោលដៅដែលកើតឡើងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។២.បង្កើនរឹតបន្តឹងចំពោះមុខសញ្ញាយានយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដូចជារថយន្តធុនធំ,រ៉ឺម៉ូតូ។៣.បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ។៤.ត្រូវពង្រឹងនៃការអនុវត្តច្បាប់តាមស្វែងចាប់ជនបង្កបើកបរបុកស្លាប់រត់គេចយកមកអនុវត្តច្បាប់។៥.ពង្រឹងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនានាឱ្យមានរបៀបរយល្អ៕សរន