ដោយៈ ជា សីហៈ
កាលពីខែតុលាកន្លងទៅនេះ សម្បុកសត្វចង្កៀលខ្យងជាង២.១០០សម្បុកត្រូវបានកត់ត្រាជាលើកដំបូងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
អង្គការBirdLife បានអះអាងថា នៅក្នុងខែវិច្ឆិកានេះសម្បុកសត្វស្លាបទឹកជាច្រើនប្រភេទទៀតត្រូវបានរកឃើញបន្ថែមនៅក្នុងតំបន់ការពារដីសើមនេះ ក្នុងនោះមានសត្វស្មោញដែលជាប្រភេទងាយរងគ្រោះចំនួន១០សម្បុក ក្អែកទឹកចំនួន៣០សម្បុក ខ្វែកចំនួន៦០សម្បុក ក្រសាធ្នង់ចំនួន២សម្បុក ក្រសាប្រផេះចំនួន១៩សម្បុក កុងគ្រោងតូចចំនួន១០សម្បុក និងកុកគ្រោងមធ្យមចំនួន១៥សម្បុក។
ការរកឃើញសម្បុកសត្វស្លាបទឹកជាច្រើនប្រភេទនិងមានចំនួនដល់រាប់ពាន់សម្បុកនេះបញ្ជាក់ថាតំបន់ដីសើមបឹងព្រែកល្ពៅជាទីតាំងទ្រទ្រងជីវចម្រុះដ៏សំខាន់របស់ខេត្តតាកែវក៏ដូចរបស់ប្រទេសកម្ពុជា ហើយក៏ជាទីតាំងដែលមានសក្តានុពលសំរាប់អភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនាថ្ងៃអនាគត៕