កម្ពុជា លេខ​១ ខាង​មិនមាន​ស្លាប់ និង​ខាង​គ្រប់គ្រង​កូ​វីដ​១៩

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស សេ​ណេ​ហ្កា​ល់ ស្តីអំពី ស​ន្ទ​ស្សន៍​នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​វាយតម្លៃថា ក្នុងចំណោម​ប្រទេស​ទាំង ១៦៦ នៅលើ​ពិភពលោក កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣ ហើយ​បើ​និយាយ​តែ​ក្នុង​តំបន់​អាស៊ី​វិញ គឺ​កម្ពុជា ឈរ​នៅ​លំដាប់​ទី​១ ដែល​បាន​គ្រប់គ្រង​ការឆ្លង​កូ​វីដ​១៩ បានល្អ​ប្រសើរ និង​មិនមាន​អ្នកស្លាប់​។​

​ក្នុង​របាយការណ៍ ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​លើកឡើងថា កម្ពុជា ជា​ប្រទេស ដែលមាន​ការគ្រប់គ្រង​ការឆ្លង​រាលដាល និង​ការគ្រប់គ្រង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ បានល្អ​ជាងគេ​។
​ចំណាត់ថ្នាក់​ល្អ​របស់​កម្ពុជា ក្នុង​កម្រិត​ពិភពលោក និង​នៅ​អាស៊ី​នេះ ផ្នែក​លើ​ការវាយតម្លៃ លើ​មូលដ្ឋាន​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ការវាយតម្លៃ​នេះ ត្រូវបានធ្វើ​ឡើងលើ​ធាតុ​សំខាន់​បី គឺ​ស្ថានភាព​នៃ​ការឆ្លង​មេរោគ ស្ថានភាព​នៃ​ការ​ជាសះស្បើយ និង​ករណី​មរណភាព​។​

​មកដល់​ថ្ងៃទី​២០ ខែវិច្ឆិកា កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប ៣០៤​នាក់​។ ក្នុងនោះ អ្នកជា​សះស្បើយ ២៩៤​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន ១០​នាក់​។ កម្ពុជា ពុំមាន​អ្នកស្លាប់ និង​ពុំមាន​ករណី​ឆ្លង​រាលដាល នៅក្នុង​សហគមន៍​ឡើយ​។​

​ជាការ​ពិត បើ​និយាយ​ពី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺ​កម្ពុជា ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ៣ យ៉ាង ។​គឺ​ទី​១-​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ពី​ខាងក្រៅ កុំ​ឲ្យ​ចូលមក​កម្ពុជា ទី​២-​គឺ​ការទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ចូលក្នុង​សហគមន៍ និង​ទី​៣-​គឺ​ការយកចិត្តទុកដាក់​ព្យាបាល ដើម្បី​សង្គ្រោះ អ្នកជំងឺ​កូ​វីដ​១៩​។​

​ដំបូង​លើក​បង្ហាញ​ត្រួសៗ​ពី​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ពី​ខាងក្រៅ កុំ​ឲ្យ​ចូលមក​កម្ពុជា​។ នោះ​គឺ​ចាប់តាំងពី​រកឃើញ​អ្នកជំងឺ​កូ​វីដ​ដំបូង នៅ​ខេត្ត​ព្រះសីហនុ ជា​បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ គឺ​វិធានការ​រឹតបន្តឹង​ការត្រួតពិនិត្យ​លើ​អ្នកដំណើរ ត្រូវបាន​ធ្វើឡើង​យ៉ាង​យកចិត្តទុកដាក់ នៅតាម​ច្រកព្រំដែន ទាំង​ផ្លូវអាកាស ផ្លូវគោក និង​ទាំង​ផ្លូវទឹក​។

​ការស្រាវជ្រាវ​ពិនិត្យ​រក​អ្នក​ប៉ះពាល់​នឹង​អ្នកដំណើរ​ឆ្លងដែន ដែល​ផ្ទុក​ជំងឺ​កូ​វីដ​១៩ រួមទាំង​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល ក៏ត្រូវ​បានធ្វើ​ឡើង​ភ្លាមៗ ហើយ​ប្រមូលយក​អ្នក​ទាំងនោះ មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដាក់​ដោយឡែក រយៈពេល ១៤​ថ្ងៃ ដើម្បី​ពិនិត្យ និង​តាមដាន​រក​មេរោគ​កូ​វីដ​១៩​។ វិធានការ​រឹតបន្តឹង​នេះ ក៏ត្រូវ​បានធ្វើ​ឡើងលើ​ពលករ​កម្ពុជា ដែល​វិលត្រឡប់​មកពី​បរទេស ដើម្បី​មកលេង​ស្រុកកំណើត ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពី​ខែមេសា​ផងដែរ​។ នេះ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ចូលក្នុង​សហគមន៍​។​

​ម្យ៉ាងវិញទៀត នៅពេល​ពិនិត្យ​រកឃើញថា បុគ្គល​ណា មាន​ផ្ទុក​វីរុស​កូ​វីដ​១៩ គឺ​មិន​ថា ជនបរទេស ហើយ​ជាតិ​សាសន៍​ណា​នោះទេ ឬក៏​ជា​ពលរដ្ឋ​ខ្មែរ​ឡើយ គឺ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល បាន​យកចិត្តទុកដាក់​ពិនិត្យ​ព្យាបាល ដើម្បី​សង្គ្រោះ អ្នកជំងឺ​កូ​វីដ​១៩ នៅនឹងកន្លែង ពោលគឺ​រកឃើញ​នៅ​កន្លែង​ណា ព្យាបាល​នៅ​កន្លែង​នោះ​។ តែ​ក៏មាន​ករណី​មួយចំនួន លើ​ជនបរទេស ដែលមាន​លទ្ធភាព ក៏​អាច​ចេញពី​ពេទ្យ​រដ្ឋ ឬ​ពេទ្យ​ខេត្ត ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ទំនើប​បានដែរ​។ រីឯ​ពលរដ្ឋ​ខ្មែរ​យើង ក៏​ដូចគ្នា ក៏​ត្រូវបាន​ក្រសួងសុខាភិបាល ចាត់ចែង​បញ្ជូន​ពី​ពេទ្យ​ខេត្ត មក​សម្រាក​ព្យាបាល​រហូតដល់​ជាសះស្បើយ​ត្រឹមត្រូវ នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ក៏មាន​។​

​ការពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​ទាំងនោះ ត្រូវបាន​ធ្វើឡើង ដោយ​មិន​គិតថ្លៃ​ឡើយ​។ ក្រោយមក ទើប​រាជរដ្ឋាភិបាល សម្រេច​គិតថ្លៃ​សេវា​មួយចំនួន លើ​ជនបរទេស ខណៈ​ពលរដ្ឋ​ខ្មែរ បន្ត​មិន​គិតថ្លៃ ទាំង​ការពិនិត្យ និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។​

​មួយវិញទៀត ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ក៏​ជាការ​បង្ហាញ​កាន់តែ​ជាក់ច្បាស់ និង​ជា​ទឹក​តាង​ថ្មីៗ​ថែមទៀត លើ​ការគ្រប់គ្រង និង​ទប់ស្កាត់ ព្រមទាំង​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​កម្ពុជា ក៏បាន​បន្ត​យកឈ្នះ​សមរភូមិ​ចុងក្រោយ​នេះ​បាន​ទៀត​។​

​ជារួម យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ការព្យាបាល​អ្នកជំងឺ ឲ្យ​ជាសះស្បើយ ដោយ​មិនមាន​អ្នកស្លាប់ ដោយ​ជំងឺ​កូ​វីដ​១៩ គឺ​ត្រូវបាន​រាជរដ្ឋាភិបាល ដាក់ចេញ​ចំ​គោលដៅ ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត​។ ជោគជ័យ​ទាំងនេះ ក្រៅតែពី​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល មន្ត្រី​ជំនាញ​ហើយ​នោះ ក៏បាន​មកពី​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...