ដោយៈសោម ប៊ុនថន
អោម អាន ឬ អោម យឿង គឺជាឈ្មោះដែលគាត់បានប្រាប់ទៅដល់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាពេលដែលចុះទៅសម្ភាសន៍នៅឆ្នាំ២០១១ ប៉ុន្តែឈ្មោះ ឱម យឿង, អោ យឿង, តា អាន គឺជាឈ្មោះដែលប្រើនៅក្នុងឯកសារផ្លូវការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលគាត់ត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិដាក់ឲ្យស្ថិតនៅក្រោមបទឧក្រិដ្ឋកម្មជាច្រើន នៅក្នុងសំណុំរឿង ០០៤/០២។ ខាងក្រោមគឺជាការរៀបរាប់របស់ អោម អាន៖
ខ្ញុំមានឈ្មោះពីកំណើត អោម យឿង ដែលបានប្រើតាំងពីអំឡុងពេលចូលបួសជាព្រះសង្ឃ។ នៅសម័យក្រោយមក មានការសម្តែងល្ខោននៅវត្តពោធិ៍។ ល្ខោននោះមានចំណងជើងថា គ្រូអាន ចេះវិជ្ជាស្តោះផ្លុំ ស្របពេលដែលខ្ញុំចេះវិជ្ជាស្តោះ ផ្លុំ និងចេះវិជ្ជាផ្សំថ្នាំពីឫសឈើឲ្យក្មេងបាត់យំដែរនោះ ទើបប្រជាជននៅក្នុងភូមិឃុំនាំគ្នាហៅឈ្មោះខ្ញុំតាមរឿងល្ខោនថា «គ្រូអានៗ» ជាប់រហូតមក។ ចាប់តាំងពីពេលនោះមក មិនមានអ្នកណាហៅឈ្មោះកំណើតខ្ញុំ យឿង ទៀតទេ ចំណែកត្រកូលរបស់ខ្ញុំគឺយកតាមឈ្មោះជីតា គឺតា អោម ដូច្នេះ ខ្ញុំមានឈ្មោះ អោម អាន។
ឪពុករបស់ខ្ញុំឈ្មោះ ឱ បានស្លាប់តាំងពីខ្ញុំនៅក្មេង ហើយម្តាយរបស់ខ្ញុំឈ្មោះ នុន បានស្លាប់នៅឆ្នាំ១៩៧៩។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ ស្លាប់អស់ពីរនាក់ គឺបងប្រុសទី១) ឈ្មោះ អោម យ៉ុង និងប្អូនស្រីទី៣) ឈ្មោះ អោម ណាន។ នៅសល់តែខ្ញុំកូនទី២ ប្អូនស្រីទី៤ឈ្មោះ អោម នឿន និង ប្អូនប្រុសទី៥ឈ្មោះ អោម សុវ៉ាត។
នៅពេលខ្ញុំអាយុ១២ឆ្នាំ ជីតាខាងម្តាយរបស់ខ្ញុំ បានឲ្យខ្ញុំចូលបួសនៅវត្តតាំងខ្មៅ ស្ថិតនៅក្នុងឃុំពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោក តាវ៉ាញ គឺជាព្រះមេគណៈសង្ឃនៅវត្តតាំងខ្មៅ។ លោកតា វ៉ាញ បានបួសតាំងពីព្រះអង្គនៅវ័យក្មេង និងមានព្រះជន្ម១២០ព្រះវស្សា។
ខ្ញុំបានស្នាក់នៅវត្តតាំងខ្មៅរយៈពេល២ឆ្នាំ ក៏បានចេញទៅរៀនបាលីនៅថ្នាក់ពុទ្ធិកបឋមសិក្សា នៅវត្តអង្គជុំ ក្នុងឃុំគោករការ ស្រុកដង្កោ ក្រុងភ្នំពេញ។ កាលនោះគ្រូ អ៊ូ គឺជាអ្នកបង្រៀនខ្ញុំ។ ក្រៅពីបង្រៀនសិស្ស គ្រូ អ៊ូ បានធ្វើជាអាចារ្យ។ មិត្តភក្តិដែលរៀនជាមួយខ្ញុំ គឺមានឈ្មោះ សុក, សាន់, សម និង ម៉េត។ មិត្តភក្តិទាំងនោះគឺជាកូនចៅរបស់ប្រជាជននៅក្នុងភូមិព្រៃខ្លា, ភូមិព្រៃមូល, ភូមិពុទ្រា និងភូមិបែកបក ដែលស្ថិតនៅក្បែរវត្ត ចំណែកខ្ញុំគឺជាអ្នកចម្ងាយ។ ខ្ញុំបានរៀនធម៌វិន័យរហូតដល់ខ្ញុំបំពេញបានជាភិក្ខុ។
នៅឆ្នាំ១៩៦០ ខ្ញុំមានជំងឺក្រញង់ដៃជើង (ឬជំងឺឃ្លង់) ដូច្នេះម្តាយរបស់ខ្ញុំក៏ឲ្យខ្ញុំទៅសុំព្រះចៅអធិការវត្តសឹក។ ម្តាយរបស់ខ្ញុំបាននាំខ្ញុំទៅឲ្យគ្រូខ្មែរព្យាបាល ព្រោះនៅសម័យនោះមិនសូវមានពេទ្យ។ ម្តាយខ្ញុំបាននៅមើលថែទាំខ្ញុំរហូតដល់ឆ្នាំ១៩៦៣ ទើបខ្ញុំបានជាពីជំងឺ និងនៅជួយធ្វើស្រែឪពុកម្តាយវិញ។
នៅរដូវវស្សា ឆ្នាំ១៩៦៩ ពេលខ្ញុំត្រឡប់មកពីស្ទូងនៅពេលល្ងាច និងបន្ទាប់ពីដឹកគោយកទៅចង ឈ្មោះ ប៉ក់ មានឋានន្តរសក្តិជាសែបនៃរដ្ឋការ លន់ នល់ បានបញ្ជាឲ្យខ្ញុំលើកដៃឡើងដើម្បីចងខ្ញុំ ដោយបានចោទប្រកាន់ខ្ញុំថាបានធ្វើសមាគមខ្មែក្រហម។ ខ្ញុំបានប្រកែកមិនឲ្យចង ហើយបានសួររកមេរបស់ ប៉ក់ ដែលបញ្ជាមកដើម្បីទៅជួបនិងដោះស្រាយ។ ប៉ក់ បាននាំខ្ញុំទៅជួបឈ្មោះ លឹម ហេង នៅបន្ទាយត្រែង។ ពេលទៅដល់មាត់ទ្វារចូល ទាហាន លន់ នល់ បានភ្ជង់ខ្ញុំ។ មួយរយៈក្រោយមកឈ្មោះ សម ដែលធ្លាប់បួសរៀនជាមួយខ្ញុំបានដើរចូលមក និងបានសួរមកកាន់ខ្ញុំថា តើដូចម៉េចបានអ្ហែងមកទីនេះ? ប៉ុន្តែខ្ញុំមិនបានឆ្លើយតបទៅវិញទេ។ សម បាននិយាយបន្តថា «អ្ហែងបានប្រព្រឹត្តល្មើសនឹងមេរបស់អញ!»។ ឮដូចេះ្ន ខ្ញុំបានតបទៅ សម វិញ ថា «មេរបស់អ្ហែងបានប្រព្រឹត្តល្មើសមកលើអញ» ព្រោះបានយកអញមកបង្អត់បាយទឹក ហើយខ្ញុំបានជេរ សម។ ពេលឮទៅដល់ លឹម ហេង ពាក់សក្តិ៣ លឹម ហឹង បាននិយាយប្រាប់ទៅ សម មិនឲ្យនិយាយជាមួយខ្ញុំទៀត។ នៅវេលាម៉ោង៣រសៀល លឹម ហេង បានហៅខ្ញុំទៅសួរថា ប្អូនឯងបានចូលរួមជាមួយសមាគមខ្មែរក្រហមមែនទេ? អូនឯងនិយាយតាមត្រង់មក! ខ្ញុំបានឆ្លើយតបទៅវិញថា តេជគុណ! ខ្ញុំមិនបានធ្វើទេ។ លឹម ហេង បានបន្តសួរថា មានគេថាប្អូនច្បាស់ណាស់! ដូច្នេះតើប្រធានសមាគមខ្មែរក្រហមឈ្មោះអ្វី? ខ្ញុំបានបញ្ជាក់ទៅគាត់ថាប្រធានសមាគមឈ្មោះ ម៉ែន សុះ បានស្លាប់ហើយ។ សមាគមនោះគឺទិញខ្នើយ កន្ទេល ចាន ឆ្នាំង ស្លាបព្រា ចង្កៀងមុំាងសុង សម្រាប់ធ្វើបុណ្យប៉ុណ្ណោះ។ បន្ទាប់មក លឹម ហេង បានអនុញ្ញាតឲ្យខ្ញុំទៅផ្ទះវិញ ប៉ុន្តែខ្ញុំបានសុំឲ្យគាត់ធ្វើសំបុត្របញ្ជាក់ពីការដែលមិនជាប់ពាក់ព័ន្ធនឹងខ្មែរក្រហម ព្រោះខ្លាចទាហាន លន់ នល់ ចាប់ខ្ញុំម្តងទៀត។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពេលដែលព្រះអង្គយាងទៅព្យាបាលព្រះរោគនៅទីក្រុងប៉េកាំង។ ព្រះអង្គបានធ្វើសេចក្តីប្រកាសពីទីក្រុងប៉េកាំងឲ្យកូនចៅចូលព្រៃម៉ាក់គីដើម្បីតស៊ូ ដើម្បីព្រះអង្គបានវិលត្រឡប់មកមាតុភូមិវិញ។ ខ្ញុំរួមទាំងប្រជាជនបានរួមគ្នាធ្វើបាតុកម្ម ដោយមានតា១៥ ឬ តាម៉ុក គឺជាអ្នកដឹកនាំ។
ដំបូងខ្ញុំត្រូវរៀបចំឲ្យចូលខាងផ្នែកឃោសនា ឬហៅថា លង្កាវុធ ដែលក្រុមនេះ មានសមាជិក១៥នាក់ ត្រូវមានអាវុធកាន់ និងត្រូវដើរឃោសនាដើម្បីប្រមូលកម្លាំង។ ក្រុមរបស់ខ្ញុំបានដើរឃោសនាប្រាប់ប្រជាជននៅវាលពង់ ត្រាចទង វាលពន់ ក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ពីផែនការ គឺ ទី១) វាយ លន់ នល់ និងទី២) ការប្រកាសរបស់សម្តេចព្រះ នរោត្តម សីហនុ ឲ្យកូនចៅរួបរួមគ្នាដើម្បីធ្វើការតស៊ូ។ ពេលនោះសមាជិកនៅក្នុងក្រុមរបស់ខ្ញុំមួយចំនួន ដូចជា ម៉ូត, ហ៊ុយ, យ៉ន បានស្លាប់នៅពេលវាយប្រយុទ្ធជាមួយកងទ័ព លន់ នល់ ដែលមានរថពាសដែកអមមកជាមួយ នៅវាលពន់ ចំណែកខ្ញុំបានគេចខ្លួនរួច។
នៅឆ្នាំ១៩៧២ ខ្ញុំត្រូវបាន តាម៉ុក ផ្លាស់ឲ្យទៅគ្រប់គ្រងប្រជាជននៅស្រុកកណ្តាលស្ទឹង ក្នុងខេត្តកណ្តាលវិញ ព្រោះ គុណ ដែលជាប្រធានគ្រប់គ្រងនៅទីនោះត្រូវបានសមាជិកក្នុងអង្គភាពយោធាជាមួយចាប់ខ្លួន។ ពេលខ្ញុំទៅដល់ស្រុកកណ្តាលស្ទឹង ខ្ញុំមិនឃើញប្រជាជនរស់នៅទីនោះឡើយ គឺប្រជាជនត្រូវបានខ្មែរក្រហមកៀរឲ្យទៅរស់នៅភ្នំស្រង់ កាត់ភ្លុក ក្នុងស្រុកបសេដ្ឋអស់ហើយ។ ដូច្នេះខ្ញុំបាននៅធ្វើជាប្រធានកងពលលេខ១១ ក្នុងអង្គភាពយោធា។ នៅអំឡុងពេលដែលខ្ញុំផ្លាស់ទៅស្រុកកណ្តាលស្ទឹង ក៏មានការផ្លាស់ប្តូរភូមិភាគដែរ គឺតំបន់ដែលស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៤ រួមមានស្រុកកណ្តាលស្ទឹង និងស្រុកដង្កោ ត្រូវបានកាត់បញ្ចូលទៅក្នុងភូមិភាគពិសេសទាំងអស់ ដែលមាន វន វ៉េត គឺជាលេខា។ ក្រៅពីកងពលលេខ១១របស់ខ្ញុំ នៅភូមិភាគពិសេសមានពីរកងពលទៀត គឺកងពលលេខ១២ គ្រប់គ្រងដោយ តាណាត និងកងពលលេខ៩២០ គ្រប់គ្រងដោយ សារឿន ហៅ ០៥។
កងពលរបស់ខ្ញុំមានបីកងវរសេនាធំបញ្ចូលគ្នា ដែលមានសមាជិកសរុប២៧០០នាក់ ប្រចាំការនៅផ្សារកន្តួច និងនៅទួលកី។ កងពលរបស់ខ្ញុំបានវាយពីទួលកី កាត់មកផ្លូវជាតិលេខ៣ ចោមចៅ និងពោធិចិនតុង រហូតទទួលបានជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រយៈពេលមួយខែក្រោយមក សុន សេន បានហៅខ្ញុំទៅប្រជុំនៅសាលាខេត្តកណ្តាល ក្នុងក្រុងតាខ្មៅ។ សុន សេន បានប្រាប់ខ្ញុំថា «មិត្តមិនទទួលខុសត្រូវខាងកងទ័ពទៀតទេ មិត្តត្រូវទៅទទួលខុសត្រូវខាងមូលដ្ឋានវិញ» គឺនៅតំបន់២៥។ នៅពេលគណៈកម្មាធិការនៅតំបន់២៥ មានមនុស្ស៤នាក់គឺ ១) ឈ្មោះ ជា គឺជាលេខាតំបន់, ២) ឈ្មោះ ប្រាក់ គឺជាអនុលេខា, ៣) ស៊ាន គឺជាសមាជិក និង ៤) ខ្ញុំគឺជាសមាជិក ដែលទទួលលេខាស្រុកស្អាង។
នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ខ្ញុំត្រូវបាន តាម៉ុក ដកឲ្យទៅនៅតំបន់៣៥ ក្នុងភូមិភាគនិរតីវិញ ដែលមាន កង ចាប គឺជាលេខាតំបន់, រឿន អនុលេខាតំបន់ ហើយខ្ញុំគឺជាសមាជិក។ ពេលនោះ ខ្ញុំមានតួនាទីគ្រប់គ្រងប្រជាជននៅស្រុកឈូក, កោះស្លា និង ស្រែក្នុង។ ខ្ញុំបានដឹកនាំប្រជាជនលើកទំនប់កោះស្លា ស្តុកឈូក ទំនប់ក្បាលរមាស ទំនប់ព្រែកតន់ហន់ និងទំនប់រំលេច។ នៅអំឡុងពេលនោះ ខ្ញុំក៏បានរៀបការជាមួយប្រពន្ធឈ្មោះ កាន គឺជាប្រធានកងចល័តនៅស្រុកឈូកដែលបានដឹកនាំកម្លាំងប្រជាជនទៅលើកទំនប់រំលេចដែរ។
នៅរដូវប្រាំង ឆ្នាំ១៩៧៧ ខ្ញុំត្រូវបាន តាម៉ុក ផ្លាស់ឲ្យមកធ្វើជាលេខាតំបន់៤១ ភូមិភាគកណ្តាលវិញ ព្រោះគណៈគ្រប់គ្រងនៅភូមិភាគកណ្តាលស្ទើរតែទាំងអស់ត្រូវបានចាប់ខ្លួននៅសល់តែ កែ ពក មួយប៉ុណ្ណោះ។ ចំណែកប្រពន្ធរបស់ខ្ញុំក៏បានមកធ្វើការនៅមន្ទីរតំបន់៤១ជាមួយខ្ញុំដែរ។ មន្ទីរតំបន់៤១មានទីតាំងស្ថិតនៅព្រៃទទឹង ចំណែកគណៈកម្មាធិការគ្រប់គ្រង់តំបន់៤១ មាន ខ្ញុំ, ស៊ីម, ជឹម និង កេត។ តំបន់៤១ ពេលនោះរួមមាន ១) ស្រុកបាធាយ គ្រប់គ្រងដោយ ភឹម ២) ស្រុកជើងព្រៃ គ្រប់គ្រងដោយ ម៉ុន ៣) ស្រុកកងមាស គ្រប់គ្រងដោយ កាន ៤) ស្រុកព្រៃឈរ និង ៥) ស្រុកកំពង់សៀម។ ខ្ញុំបានដឹកនាំប្រជាជនកងចល័តទៅលើកទំនប់ ១មករា នៅជាប់ស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ, ទំនប់ ៦ មករា ជាប់ស្រុកសន្ទុក ក្នុងខេត្តកំពង់ធំ, ទំនប់១៧ មេសា ជាប់ស្រុកជើងព្រៃ និងព្រៃឈរ ក្នុងខេត្តកំពង់ចាម, ទំនប់ពាមជាំង នៅស្រុកកងមាស និងភ្នំព្នៅ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលស្ថិតនៅក្នុងភូមិភាគឧត្តរនៅពេលនោះ។
ខ្ញុំបានទៅចូលរួមសន្និបាតទូទាំងប្រទេស នៅស្តាតអូឡាំពិក ដែលមាន ប៉ុល ពត, នួន ជា, អៀង សារី, តាម៉ុក និង សោ ភឹម គឺជាគណៈអធិបតី។ សន្និបាតបានលើកពីផែនការសំខាន់ពីរគឺ ការការពារ និងកសាងប្រទេស ដែលក្នុងនោះមានការកសាងកម្លាំង ពង្រឹងកម្លាំង ពង្រីកកម្លាំង វិធានការផ្ទៃក្នុង លទ្ធផលការងារដែលសម្រេចបាន និងលើកផែនការសម្រាប់ឆ្នាំខាងមុខ។ នៅពេលសន្និបាតនោះ គណៈតំបន់ត្រូវឡើងរាយការណ៍ប្រាប់ទៅដល់គណៈអធិបតីអំពីលទ្ធផលការងារដែលសម្រេចបាន។
នៅពេលវៀតណាមវាយចូលមកនៅឆ្នាំ១៩៧៩ ខ្ញុំបានភៀសខ្លួនមកទៅនៅអន្សែ និងបូសពក ជាប់ស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ។ ចំណែកប្រពន្ធរបស់ខ្ញុំ បានស្លាប់នៅពេលរត់គេចខ្លួននោះ ។
នៅឆ្នាំ១៩៨០ ខ្ញុំបានបន្តភៀសខ្លួនទៅរស់នៅភ្នំដងរែក ជាមួយ សុន សេន ម្តុំតំបន់មុំបី។ នៅទីនោះ ខ្ញុំបានគ្រប់គ្រងកងនារីនៅមន្ទីរគ-៧ របស់ សុន សេន។ ខ្ញុំបានរៀបការប្រពន្ធទី២ឈ្មោះ នាង និងមានកូនស្រីម្នាក់។ ក្រោយមកខ្ញុំចុះមកនៅជំរំស្ទឹងចាន់(ក្នុងទឹកដីថៃ)។ នៅពេលវៀតណាមដកកងទ័ពចេញពីប្រទេសកម្ពុជា ខ្ញុំបានមកនៅអន្លង់វែង ហើយមួយឆ្នាំក្រោយមក ខ្ញុំក៏បានផ្លាស់មកនៅឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
ប៉ុន្តែនៅក្នុងឯកសារសំណុំរឿងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អោម អាន មានតួនាទីជាច្រើននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩) ៖
- លេខាតំបន់ ៤១ (ភូមិភាគកណ្តាល)
- សមាជិកគណៈកម្មាធិការភូមិភាគកណ្តាល
- អនុលេខាភូមិភាគកណ្តាល (នៅចុងឆ្នាំ១៩៧៧ ដល់ខែមករា ឆ្នាំ១៩៧៩)
អោម អាន ត្រូវបានសហចៅក្រមអន្តរជាតិដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទឧក្រិដ្ឋជាច្រើនតាំងពីឆ្នាំ២០១៥មក ៖
- អំពើប្រល័យពូជសាសន៍លើជនជាតិចាម (នៅក្នុងខេត្តកំពង់ចាម)
- ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោមទម្រង់ជាការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការដាក់ជាទាសករ ការដាក់ពន្ធនាគារ អំពើទារុណកម្ម អំពើអមនុស្សធម៌ ដទៃទៀត (រួមមាន អាពាហ៍ពិពាហ៍ដោយបង្ខំ) ការធ្វើទុក្ខបុកម្នេញដោយមូល ហេតុនយោបាយ និងសាសនា
- ការរំលោភបំពានលើក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ គឺអំពើមនុស្សឃាតដោយចេតនា។
ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានលើក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ គឺ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តនៅតាមតំបន់ និងទីតាំងនានាដូចខាងក្រោម៖
- ការដ្ឋានធ្វើពលកម្មដោយបង្ខំនៅទំនប់អន្លង់ជ្រៃ
- ទីតាំងសម្លាប់មនុស្សគោកព្រីង
- មន្ទីរសន្តិសុខមិត្តសុប
- មន្ទីរសន្តិសុខទួលបេង និងវត្តអង្គួញដី
- មន្ទីរសន្តិសុខវត្តអូរត្រកួន
- មន្ទីរសន្តិសុខវត្តបាធាយ
- មន្ទីរសន្តិសុខវត្តភ្នំប្រុស
- មន្ទីរសន្តិសុខវត្តតាមៈ
ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោមទម្រង់ជាអំពើអមនុស្សធម៌ដទៃទៀត តាមរយៈអាពាហ៍ពិពាហ៍ដោយបង្ខំ ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តនៅតាមតំបន់ និងទីតាំងនានាដូចខាងក្រោម៖
- ស្រុកកំពង់សៀម (តំបន់ ៤១)
- ស្រុកព្រៃឈរ (តំបន់ ៤១)
អោម អាន បានស្លាប់នៅរសៀល ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងអាយុ៨៧ឆ្នាំ។ អោម អាន គឺជាជនសង្ស័យមួយរូប នៅក្នុងសំណុំរឿង ០០៤/០២។ បើតាមច្បាប់ជាតិត្រង់មាត្រា៧នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជាបានចែងថា មរណភាពនៃជនជាប់ចោទនាំដល់ការរំលត់បណ្តឹងអាជ្ញា៕
រូបៈអោម អាន បានផ្តល់បទសម្ភាសន៍ដល់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១១ នៅឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)