ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ កូនច្បងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក ដូណាល់ ត្រាំ ជូនៀ បានពិនិត្យសុខភាពនិងរកឃើញវីរុសកូរ៉ូណា ហើយឥឡូវកំពុងដាក់ខ្លួននៅដាច់ពីគេ ទោះជាខ្លួនលោកមិនបានចេញរោគសញ្ញាក្តី នេះបើតាមការអោយដឹងពីអ្នកនាំពាក្យរបស់លោកកាលពីថ្ងៃសុក្រ។
កូនច្បងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក ដូណាល់ ត្រាំ ជូនៀ
អ្នកនាំពាក្យបាននិយាយថា «ដូណាល់ ត្រាំ ជូនៀ ត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩នៅដើមសប្តាហ៍នេះ និងកំពុងធ្វើចត្តាឡីស័កចាប់តាំងពីដឹងខ្លួនថាឆ្លងមក។លោកមិនចេញរោគសញ្ញាអ្វីបន្តិសោះតាំងពីមុនមក និងកំពុងធ្វើតាមការណែនាំវេជ្ជសាស្ត្រអំពីកូវីដ១៩»។
ពីមុន ឪពុក ម្តាយនិងប្អូនប្រុសរបស់លោកដូណាល់ ត្រាំ ជូនៀ ក៏បានឆ្លងជំងឺនេះផងដែរ តែឥឡូវពួកគេបានជាអស់ហើយ។
មុននេះកាលពីថ្ងសុក្រដែរ លោកអ៊ែនឌ្រូ ហ្គូលៀនី ជំនួយការសេតវិមាននិងជាកូនប្រុសរបស់មេធាវីប្រធានាធិបតី បានប្រកាសថា លោកក៏ពិនិត្យរកឃើញថាឆ្លងកូវីដ១៩ផងដែរ៕
ព័ត៌មានស្តីពីកូនប្រធានាធិបតីត្រាំឆ្លងកូវីដ នេះកើតឡើងចំពេលអាម៉េរិកជួបកំណើនឆ្លងវីរុសកូរ៉ូណា និងការស្លាប់ដោយជំងឺកូវីដ១៩ខ្ពស់បំផុត។ជាមធ្យមមនុស្សជាង១.៣០០នាក់បានស្លាប់ដោយជំងឺផ្លូវដង្ហើមនេះក្នុងមួយថ្ងៃនៅអាម៉េរិក។
ចំនួនអ្នកស្លាប់ដោយជំងឺនេះសរុបនៅអាម៉េរិកឥឡូវឡើងដល់ប្រមាណ២៥៤.០០០នាក់ គឺឆ្ងាយជាងប្រទេសណាៗទាំងអស់នៅក្នុងលោក។ចំណែកការឆ្លងវីរុសដែលមានការបញ្ជាក់នៅអាម៉េរិក មានចំនួនសរុបជាង១១,៨លាននាក់ ក្រោយមនុស្ស ១៨៨.០០០នាក់បានឆ្លងថ្មីកាលពីថ្ងៃព្រហស្បតិ៍ទី១៩វិច្ឆិកា ខណៈចំនួនអ្នកជំងឺកូវីដ១៩នៅក្នុងមន្ទីរពេទ្យក៏ឡើងខ្ពស់បំផុតមិនដែលមានដែរគឺជាង៨០.០០០នាក់៕
អ្នកជំងឺកូវីដ១៩ កំពុងកើនខ្ពស់នៅតាមមន្ទីរពេទ្យអាម៉េរិក