ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី២០វិច្ឆិកាបានបង្ហាញខ្លួនដ៏កម្រនៅឯកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកតាមអនឡាញដោយអួតអំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការជំរុញទៅមុខនូវ “សន្តិភាពនិងវិបុលភាព” នៅក្នុងតំបន់ ខណៈដែលលោកស៊ី ជីនភីង ប្រើវេទិកានេះដើម្បីទប់ទល់នឹងការគាំពារនិយមរបស់អាម៉េរិក។
កិច្ចប្រជុំរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលបានប្រារព្ធធ្វើឡើងតាមរយៈវីដេអូនៅឆ្នាំនេះដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩គឺប្រមូលផ្តុំទៅដោយមេដឹកនាំមកពីបណ្តាសេដ្ឋកិច្ចនៅតាមមាត់ឆ្នេរប៉ាស៊ីហ្វិចចំនួន២១ ប្រទេស ដែលរ៉ាប់រងប្រហែល ៦០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់សកលលោក។
ចិន ដែលបានឈានចូលកិច្ចប្រជុំកំពូលនេះបន្ទាប់ពីទទួលបានជោគជ័យក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនោះ បានក្លាយជាកម្លាំងជំរុញដ៏សំខាន់នៅពីក្រោយអង្គការនេះបន្ទាប់ពីលោកត្រាំបានចាប់ផ្តើមដកសហរដ្ឋអាម៉េរិកចេញពីស្ថាប័នពហុភាគីជាច្រើន។
ប៉ុន្តែលោកត្រាំបានធ្វើការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលក្នុងការចូលរួមព្រឹត្តិការណ៍នៅឆ្នាំនេះ បន្ទាប់ពីមិនបានចូលរួមក្នុងកិច្ចប្រជុំ APEC ចាប់តាំងពីឆ្នាំ ២០១៧ ដែលជាឆ្នាំដំបូងរបស់លោកនៅក្នុងតំណែង ដោយបានបង្ហាញខ្លួនជាមួយមេដឹកនាំដទៃទៀតតាមរយៈតំណភ្ជាប់វីដេអូ។
សេតវិមាននិយាយថាលោកត្រាំ”បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការកសាងការស្តារសេដ្ឋកិច្ចឡើងវិញក៏ដូចជាការលើកកម្ពស់សន្តិភាពនិងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតាមរយៈកំណើនសេដ្ឋកិច្ចរឹងមាំ”។
ក្រុមអ្នកវិភាគនិយាយថាលោកត្រាំសម្រេចចិត្តបង្ហាញខ្លួននៅឯកិច្ចប្រជុំកំពូល APEC នៅឆ្នាំនេះទំនងដើម្បីបង្ហាញខ្លួនគាត់ថាជាប្រធានាធិបតីខណៈដែលគាត់កំពុងដាក់ពាក្យបណ្តឹងផ្លូវច្បាប់ជំទាស់នឹងជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិករបស់គូប្រជែង គឺ លោក ចូ បៃដិន។
ការងាកចេញរបស់លោកត្រាំពីបណ្តាអង្គការពហុភាគីនិយមដូចជា APEC បានទុកឱ្យទ្វារបើកចំហសម្រាប់ចិនដើម្បីសរសេរច្បាប់ពាណិជ្ជកម្មក្នុងតំបន់ហើយលោកស៊ីបានប្រើសុន្ទរកថារបស់លោកកាលពីថ្ងៃសុក្រដើម្បីចាប់ផ្តើមការការពារពាណិជ្ជកម្មសេរី។
យោងតាមទូរទស្សន៍ CCTV របស់ចិន លោកស៊ីបាននិយាយថា “វាសំខាន់ណាស់ដែលអាស៊ី – ប៉ាស៊ីហ្វិកគួរតែរក្សានូវភាពជាអ្នកដឹកនាំក្នុងការការពារសន្តិភាពនិងស្ថិរភាពដោយប្រកាន់ខ្ជាប់នូវពហុភាគីនិយមនិងជំរុញសេដ្ឋកិច្ចពិភពលោកឱ្យបើកចំហ។ ការធ្វើពាណិជ្ជកម្មនិងការវិនិយោគដោយសេរីនិងបើកចំហមិនអាចធ្វើទៅបានក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកបានទេ”៕
លោកត្រាំចូលរួមកិច្ចប្រជុំកំពូល APEC តាមវីដេអូកាលពីថ្ងៃសុក្រ រួមជាមួយមេដឹកនាំ ២០ ប្រទេសផ្សេងទៀត