ដោយៈសរិទ្ធ/កណ្តាលៈប្រជាការពារភូមិកំពង់ព្រីងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែវិច្ឆិកា ដើម្បីសាកសួរករណីការស្លាប់របស់បុរសម្នាក់ ដែលរងការចោទប្រកាន់ ថា ជាចោរលួចចេក២ស្ទង ។ ប៉ុន្តែ ក្រោយការសាកសួរ តុលាការបានអនុញ្ញាតឲ្យប្រជាការពាររូបនេះ ត្រឡប់ទៅផ្ទះ វិញ តែនីតិវិធីនៅបន្តដដែល ។
ប្រជាការពាររូបនេះឈ្មោះ ផុន សាន អាយុ៥៣ឆ្នាំ ។ ចំណែកបុរសដែលស្លាប់និងរងការចោទប្រកាន់ ថា ជាចោរលួចចេកមានឈ្មោះ យ៉េប សឹកគ្រៃ ភ អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅលើទូកក្នុងទន្លេបាសាក់ ។
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្តាលបានបញ្ជាក់ នៅថ្ងៃទី២១ ខែវិច្ឆិកា ថា នៅថ្ងៃកើតហេតុ គឺ ជនសង្ស័យបានកាន់កូនកាំបិត បម្រុងចាក់ទៅលើប្រជាការពារ ទើបប្រជាពលរដ្ឋ បានយកដុំថ្មគប់រហូតធ្លាក់ទឹកស្លាប់ តែម្តង ។
ដោយឡែក លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បញ្ជាក់ដែរ ថា លោកស្រីព្រះរាជអាជ្ញារង ស៊ុន យ៉ឺត បានអនុញ្ញាតអោយប្រជាការពារឈ្មោះ ផុន សាន ត្រឡប់ទៅផ្ទះវិញ ព្រោះនេះ ជាការការពារខ្លួនស្របច្បាប់ ។ ប៉ុន្តែ ដំណើរនីតិវិធីនៅបន្តដដែល ។
ដំណើររឿងនៃករណីនេះ បានកើតឡើងពេលដែលកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សិត្បូ ទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋប្រហែល៣០ទៅ៤០នាក់ ខ្លះមានកាន់ដុំថ្ម ខ្លះកាន់ដំបងឈើ បាននាំគ្នារត់ដេញគប់និងវាយជនសង្ស័យម្នាក់ ដោយបានស្រែកថា ជនសង្ស័យនោះ បានធ្វើសកម្មភាព លួចចេកពងមាន់របស់គេ២ស្ទងនៅ សង្កាត់កោះអន្លង់ចិន ។ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិត្បូ៣នាក់ ព្រមទាំងប្រជាការពារភូមិជាច្រើននាក់ បាននាំចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយមានប្រជាការពារ ម្នាក់ឈ្មោះ ផុន សាន ផងដែ។
នៅពេលនោះ ឃើញជនរងគ្រោះឈ្មោះ យ៉េប សឹកគ្រី កំពុងតែរត់ កាន់កូនកាំបិតចុងស្រួចមួយនិង បានទម្លាក់ចេកពងមាន់២ស្ទង នៅលើផ្លូវ ហើយរត់កាន់កូនកាំបិត លោតចូលក្នុងស្រះទឹក នៅខាងក្រោយរោងចក្រ Gold Farm ។
នៅពេលទៅដល់ស្រះទឹក សមត្ថកិច្ចប៉ុស្តិ៍សិត្បូ២នាក់និង ប្រជាការពារភូមិ ឈ្មោះផុន សាន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាឈរព័ទ្ធចាំ នៅខាងកើតស្រះ ។ ចំណែក សមត្ថកិច្ចប៉ុស្តិ៍សិត្បូម្នាក់និងប្រជាការពារភូមិ២នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាឈរចាំព័ទ្ធនៅខាងលិចស្រះ។
ក្រោយមក នៅពេលនាំគ្នាស្រែកហៅ ជនសង្ស័យ ដែលកំពុងតែហែលទឹកចុះឡើង មិនព្រមឡើងគោក មានប្រជាការពារ២នាក់និងប្រជាពលរដ្ឋម្នាក់ បាននាំគ្នាយកទូកជិះពី ត្រើយខាងលិច មករកជនសង្ស័យ ដែលកំពុងតែនៅក្នុងទឹកកណ្តាលស្រះ ហើយនៅពេលអុំទូកជិតដល់ ជនសង្ស័យ បានហក់ឡើងឈរលើទូក រួចជនសង្ស័យបានយកកូនកាំបិតចុងស្រួចដេញចាក់ប្រជាការពារ២នាក់និងប្រជាពលរដ្ឋម្នាក់ ធ្លាក់ក្នុងទឹក ។
នៅពេលឃើញដូចនេះ ប្រជាការពារឈ្មោះផុន សាន ដែលឈរចាំនៅត្រើយខាងកើតមានចំងាយប្រហែល៣ម៉ែត្រពីទូក បានយកដុំថ្មមួយដុំយ៉ាងធំគប់ចំលើក្បាលបុរសខ្មែរអ៊ីស្លាម ធ្លាក់ពីលើទូកចូលក្នុងទឹក ដាច់ខ្យល់ស្លាប់បាត់ទៅ ។
តាមលទ្ធផលការស៊ើបអង្កេតស្រាវជ្រាវ របស់សមត្ថកិច្ច គឺ មានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ១២នាក់ រស់នៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ បាននាំគ្នាប្តឹង ឈ្មោះយ៉េប សឹកគ្រី ពីបទ អំពើលួចដំណាំហូបផ្លែជាច្រើន មុខ កន្លងមក៕