ដោយៈមុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកកុយ គួង បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិតកម្ពុជាចំនួន១២៨នាក់ ដែលបានបញ្ចប់ការសិក្សានៅប្រទេសអ៊ីស្រាអែល ហើយជួបការលំបាកក្នុងការធ្វើដំណើរក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ។
លោកកុយ គួង បន្តថា ដោយមានកិច្ចសហការល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាគីអ៊ីស្រាអែលនឹងបញ្ជូននិស្សិតកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅសប្តាហ៍ក្រោយនេះ ចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា តាមជើងយន្តហោះពិសេស ដែលហោះត្រង់ពីប្រទេសអ៊ីស្រាអែលមកកាន់កម្ពុជា។ ពេលមកដល់កម្ពុជា ជើងយន្តហោះពិសេសនោះ នឹងដឹកបញ្ជូននិស្សិតកម្ពុជាដែលបានទទួលអារូបករណ៍ចំនួន២៥០នាក់ផ្សេងទៀត ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលវិញដែរ៕