ប្រែសម្រួលនិងដកស្រង់ៈវាសនា/ហាណូយ៖ ប្រធានាធិបតីជាប់ឆ្នោតចូ បៃដិន ទំនងជានឹងកេណ្ឌកម្លាំងយន្តការពហុភាគីដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាដទៃទៀតពាក់ព័ន្ធនឹងចិន នេះបើតាមការគិតរបស់ពួកអ្នកវិភាគ។
ហ្ក្រេហ្គោរី ផូលីង នៅមជ្ឈមណ្ឌលសំរាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ(CSIS)របស់អាម៉េរិក បានប្រាប់សារព័ត៌មានវៀតណាមមួយថា «ខ្ញុំរំពឹងថា ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន នឹងចូលចិត្តប្រើកម្លាំងរករឿងចិនជាងអ្នកខ្លះគិត ដោយសារគណបក្សប្រជាធិបតេយ្យទាំងមូលងាកសម្លឹងទៅរកអ្វីដែលចិនប្រព្រឹត្តនៅសមុទ្រចិនខាងត្បូង តំបន់ស៊ីនជាំង និងហុងកុង»។
លោកបាននិយាយថា ការខុសគ្នាជាមួយដូណាល់ ត្រាំ គឺថា លោកបៃដិននឹងអាចកៀរគរសម្ពន្ធមិត្តនិងដៃគូមានប្រសិទ្ធភាពជាង ជាពិសេសបណ្តាប្រទេសអឺរ៉ុប ដែលជាកម្លាំងសំខាន់ក្នុងការដាក់«តំលៃការទូតនិងសេដ្ឋកិច្ចជាក់ស្តែង»មួយលើចិន។
កាលពីខែកញ្ញា អង់គ្លេស បារាំង និងអាឡឺម៉ង់ ដែលជាក្រុមបងធំទាំងបីប្រចាំអឺរ៉ុប បានផ្ញើលិខិតរួមមួយទៅកាន់អង្គការសហប្រជាជាតិដែលក្នុងលិខិតនេះត្រូវបានគេគិតថារួមមានការរិះគន់មិនដែលធ្លាប់មានចំពោះអំពើរបស់ចិននៅមុទ្រចិនខាងត្បូង។
បណ្ឌិត អូរៀណា ស្គីឡា ម៉ាសត្រូ នៅវិទ្យាស្ថានសំរាប់ការសិក្សាអន្តរជាតិមួយនៅអាម៉េរិក បាននិយាយថាបញ្ហាសមុទ្រខាងកើត(សមុទ្រចិនខាងត្បូង) នឹងជាអាទិភាពសំរាប់លោកបៃដិន ហើយលោកប្រហែលជានឹងចាត់ការសកម្មឡើងលើរណសិរ្សការទូត រួមទាំងបង្កើនការចូលរួមពាក់ព័ន្ធជាមួយអាស៊ាននិងការសម្របសម្រួលជាមួយដៃគូតំបន់។លោកបៃដិនក៏ទំនងជានឹងរក្សាវត្តមានយោធាអាម៉េរិកនិងប្រតិបត្តិការដូចធម្មតានៅក្នុងដែនទឹកនេះ តែឧបករណ៍ទាំងនោះលែងជាគំនាស់តែមួយគត់សំរាប់ធានាដោះស្រាយជម្លោះដោយសន្តិវិធី ហើយអោយគ្រប់ប្រទេសគោរពច្បាប់និងបទដ្ឋានអន្តរជាតិតទៅទៀតហើយ។
លោកស្រីបន្ថែមថា ដោយសារលោកមានផែនការដឹកនាំជាមួយនឹងកិច្ចការទូត បៃដិននឹងខិតខំធ្វើអោយប្រសើរឡើងទំនាក់ទំនងរបស់អាម៉េរិកជាមួយប្រទេសនៅក្នុងតំបន់ហើយបង្កើនការចូលរួមពាក់ព័ន្ធជាមួយស្ថាប័នតំបន់និងអន្តរជាតិ។«ដូច្នេះ លោកក៏នឹងប្រើមធ្យោបាយទាំងនេះ ដើម្បីដោះស្រាយការប្រឈមនៅក្នុងសមុទ្រចិនខាងត្បូង»។
ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនភីង មានប្រវត្តិធ្វើការរួមគ្នា តែទំនាក់ទំនងអាម៉េរិក-ចិនឥឡូវបែកបាក់ធ្ងន់ធ្ងរជាងកាលពីបៃដិននៅជាអនុប្រធានាធិបតី
លោកស្រី ម៉ាសត្រូ បាននិយាយទៀតថា ចិនបង្កការប្រឈមនិងបញ្ហាដល់អាម៉េរិក សម្ពន្ធមិត្តនិងដៃគូ តែបៃដិនទំនងជាចាត់ទុកចិនជាសត្រូវតិចជាងត្រាំ ទោះជាអាម៉េរិកនឹងខិតខំស្តារអំណាចនិងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ និងពិភពលោកក្រោយរដ្ឋការត្រាំ។
ចំណែកបណ្ឌិត អួន ហ្គ្រាហាម នៅវិទ្យាស្ថានសំរាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ(IISS)នៅសិង្ហបុរី ទទួលស្គាល់ថា គោលនយោបាយរបស់បៃដិនអំពីសមុទ្រចិនខាងត្បូងនឹងមិនខុសឆ្ងាយពីត្រាំប៉ុន្មានទេ តែសង្កត់ធ្ងន់ជាងលើសម្ពន្ធភាពនិងពហុភាគីនិយម។
លោកថា «ប្រតិបត្តិការសេរីភាពនាវាចរណ៍និងវត្តមានអាម៉េរិកនឹងនៅបន្ត តែទណ្ឌកម្មតិចជាង»។
បើតាមលោក ហ្គ្រាហាម នៅពេលបៃដិន មានបញ្ហាជាច្រើននៅក្នុងស្រុករួមមានអំរែកបំណុលដ៏ធ្ងន់ អាទិភាពបន្ទាន់របស់លោកគឺជៀសវាងការប្រឈមមុខធំណាមួយជាមួយចិន។បញ្ហាធំៗផ្សេងទៀតនៅអាម៉េរិកគឺជំងឺឆ្លងកូវីដ១៩ និងការបែកបាក់ ក្រោយការបោះឆ្នោត។
លោកសង្ឃឹមថា ហ្វីលីពីនក៏នឹងគាំទ្រវត្តមានអាម៉េរិកផ្ទាល់ខ្លាំងឡើងនៅក្រោមការដឹកនាំរបស់បៃដិន ។ដំណើរទស្សនកិច្ចកាន់តែញឹកញាប់ឡើងរបស់មន្ត្រីអាម៉េរិកនៅវៀតណាមនិងប្រទេសដទៃទៀតក្នុងតំបន់រួមទាំងកិច្ចសហការជាមួយជប៉ុននិងអូស្ត្រាលី ក៏ត្រូវរំពឹងថាមានក្នុងបញ្ជីរបស់ប្រធានាធិបតីថ្មីដែរ។
ហ្គ្រាហាម បាននិយាយថា នៅពេលអ្វីៗនឹងល្អប្រសើរឡើងក្នុងរយៈពេលខ្លី រដ្ឋាភិបាលក្រុងប៉េកាំងនឹងបន្តជំរុញមហិច្ឆតារបស់ខ្លួន។ចិនជឿថា អាម៉េរិកកំពុងធ្លាក់ចុះឥទ្ធិពល ហើយទំនងជានឹងទទួលបានចម្លើយតបពីបៃដិន ក្រោយធ្វើតេស្តិ៍ការតាំងចិត្តរបស់អាម៉េរិក៕