Home ព័ត៌មានជាតិ សង្គម កម្ពុជា នឹង​ទ...

កម្ពុជា នឹង​ទទួលបាន​សត្វ​ដំរី​អាស៊ី មួយ​ក្បាល ពី​ប្រទេស​ប៉ា​គី​ស្ថាន នៅ​អំឡុង​ចុងខែ​វិច្ឆិកា​នេះ​

ដោយៈ ដេប៉ូ / ភ្នំពេញៈ នៅ​ថ្ងៃ​ខាងមុខនេះ ប្រទេស​កម្ពុជា នឹង​បានទទួល​នូវ សត្វ​ដំរី​អាស៊ី​មួយ​ក្បាល ដែលជា​អំណោយ របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ដើម្បី​យកមក​បន្ត​ពូជ និង​ដើម្បី​លែង នៅ​តំបន់​ការពារ​សត្វព្រៃ ធម្មជាតិ​មួយកន្លែង នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់ លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ នៃ​ក្រសួងបរិស្ថាន​។​

​បើតាម លោក នេត្រ ភក្ត្រា ឱ្យដឹង​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​ថាៈ សត្វ​ដំរី​អាស៊ី​មួយ​ក្បាល​នេះ មានឈ្មោះ កា​វ៉ាន់ អាយុ ៣៥ ឆ្នាំ ហើយនឹង​ត្រូវ​ដឹកជញ្ជូន ពី​ប្រទេស​ប៉ា​គី​ស្ថាន ទៅកាន់​ព្រៃ នៅ​តំបន់ការពារធម្មជាតិ ក្នុងប្រទេស​កម្ពុជា ដោយ​មានការ​សម្រប សម្រួល ពី​អង្គការ CWS នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ ។ ជាមួយនឹង​ការមកដល់​សត្វព្រៃ​ដ៏​កម្រ​នេះដែរ នឹង​ជួយ​ឱ្យ​ការអភិរក្ស ដំរី​អាស៊ី ដែលជា​ប្រភេទ​សត្វ​កម្រ ឱ្យ​ជាប់​គង់វង្ស យូរអង្វែង​ថែមទៀត នៅ​កម្ពុជា​។​

​លោក នេត្រ ភក្ត្រា បានលើកឡើង​ថាៈ ពេលនេះ គេ​កំពុង​រៀបចំ​នីតិវិធី ក្នុងការ​បញ្ជូន​សត្វ​ដំរី មួយ​ក្បាល​នេះ មក​កម្ពុជា ហើយ​តាម​អ្វី ដែល​គេ​គ្រោងទុក និង​ការសម្របសម្រួល រវាង​អង្គការ CWS និង​អង្គការ​មួយ នៅ​ប្រទេស​ប៉ា​គី​ស្ថាន គេ​គ្រោង​ដឹក​តាម​យន្តហោះ មក​តែម្តង​។​

​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បានបញ្ជាក់​បន្ថែមថាៈ នៅពេល​សត្វ​ដំរី ភេទ​ឈ្មោល មួយ​ក្បាល​នេះ ត្រូវបាន​គេ​ដឹក មកដល់​ប្រទេស​កម្ពុជា​ហើយ នឹងត្រូវ​ផ្ទេរ​ទៅ​ព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃ គូលែន​ព្រហ្ម​ទេព ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ថែរក្សា ដោយ​អង្គការ CWS និង​ក្រសួងបរិស្ថាន​។​

​លោក នេត្រ ភក្ត្រា បានបញ្ជាក់​ថាៈ សត្វ​ដំរី​កា​វ៉ាន មួយ​នេះ គឺ​ស្ថិតនៅ​ក្នុងចំណោម សត្វ​ដំរី​អាស៊ី ដែល​ជិត​ផុត​ពូជ ផងដែរ​។​
​លោក​បាន​ថ្លែង​ដូច្នេះ​ថាៈ ” យើង​នឹង​ថែរក្សា​កា​វ៉ាន់ ហើយ​បន្ទាប់ពី​វា​ស្គាល់​ព្រៃឈើ នៅ​ប្រទេស​កម្ពុជា យើង​នឹង​ដោះលែង​វា ទៅក្នុង​ព្រៃ ហើយ​សង្ឃឹមថា កា​វ៉ាន់ រីករាយ​នឹង​ព្រៃឈើ នៅក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​។ ប្រទេស​កម្ពុជា ពិតជា​មាន​ដំរី​អាស៊ី ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល រស់នៅក្នុង​តំបន់ការពារធម្មជាតិ​ក្រវាញ និង​នៅ​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា (​មណ្ឌល​គី​រី​ខេត្តរតនគិរី​) ” ។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ បាន​បន្ដថាៈ នៅ​កម្ពុជា​យើង បើ​គេ​គិតពី​កម្រិត នៃ​ការ​បរបាញ់​សត្វ​ដំរីព្រៃ ត្រូវបាន​កត់សម្គាល់ ឃើញថា មានការ​ធ្លាក់ចុះ​ខ្លាំង ស្ទើរតែ​គ្មាន ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​មកនេះ ដោយសារតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការអនុវត្ត​ច្បាប់ បាន​យ៉ាង​ល្អ ខណៈ​ពី​ជាង ៣០ ឆ្នាំមុន ការ​បរបាញ់ បានសម្លាប់​សត្វ​ដំរីព្រៃ អស់​ជាច្រើន​ក្បាល​។ ជាមួយគ្នានេះ គេ​ក៏​កត់សម្គាល់ឃើញ​ដែរ​ថា ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរីព្រៃ បានកើត​ឡើង នៅតាម​តំបន់ការពារធម្មជាតិ មួយចំនួន ដោយសារតែ​ការផ្លាស់​ទី តាម​រដូវ​កាល និង​ការស្វែងរក​ចំណី អាច​រង​ការរំខាន ដោយសារតែ​វត្តមាន​របស់​មនុស្ស នៅក្នុង​តំបន់​ដែន​ជម្រក របស់​ពួកវា​។ លើសពីនេះ ដំរីព្រៃ អាច​ទទួលរង​ការ​វាយតប ពី​សំណាក់​ប្រជាជន រហូតដល់​រងរបួស ឬ ឈានដល់​ការសម្លាប់ នៅពេល​ដំរី បាន​ចូលមក​ស៊ី​ដំណាំ របស់​ពួកគេ​។​

​លោក​បាន​បញ្ជាក់ថាៈ បច្ចុប្បន្ន នៅ​ប្រទេស​កម្ពុជា មាន​ដំរី​អាស៊ី ចំនួន​ប្រមាណ​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគច្រើន រស់នៅ ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប ភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី ដែលជា​តំបន់​ជីវៈចម្រុះ ដ៏​សំបូរបែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល អំណោយផល ដល់​ការរស់នៅ របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក ត្រូវបាន​ប៉ាន់​ស្មានថា មាន​ចំនួន ៧១ ក្បាល​។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ របស់​អ្នកជំនាញ ក្នុង​រយៈពេល ៦០ ទៅ ៧០ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ដំរី​អាស៊ី នៅលើ​ពិភពលោក បាន​ថយចុះ​ប្រហែលជា ៥០ ភាគរយ ចំណែកឯ​ទីជម្រក​របស់​វា បាន​បាត់​បង់អស់​ជិត ៩០ ភាគរយ​។ ក្នុងចំណោម​ដំរី​អាស៊ី សរុប​ប្រមាណ​ពី ៣៩.៤៦៣ ក្បាល ទៅ ៤៧.៤២៧ ក្បាល ដែល​កំពុង​រស់នៅ ក្នុងព្រៃ សព្វថ្ងៃ​។ ក្នុងនោះ​ប្រហែល ៧៥ ភាគរយ រស់នៅក្នុង​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។ ទន្ទឹម​ជាមួយគ្នា ក្រៅពី​រង​ការគំរាមកំហែង​ធ្ងន់ធ្ងរ នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​។
​អ្នកជំនាញ ក៏បាន​ព្រមាន​ថា ដោយសារតែ​រយៈពេល នៃ​ការបន្ត​ពូជ​របស់ ដំរី​អាស៊ី​យឺត (​ប្រាំ​ឆ្នាំ​បង្កើត​បានកូន​មួយ​) បើសិន​អត្រា​ស្លាប់ នៃ​កូន​ដំរីព្រៃ​ខ្ពស់ ដោយសារតែ​រងរបួស ពី​អន្ទាក់​នោះ ចំនួន​ដំរីព្រៃ នៅ​កម្ពុជា អាចមាន​បញ្ហា​ប្រឈម​ខ្ពស់ ក្នុងការ​ផុត​ពូជ​។ ដូច្នេះហើយ ទើប​សត្វ​ដំរី ត្រូវបាន​ចាត់បញ្ចូល ជា​ប្រភេទ​ជិត​ផុត​ពូជ នៅក្នុង​បញ្ជី​ក្រហម របស់​អង្គការ​សហភាព អន្ដរជាតិ ដើម្បី​ការអភិរក្ស ធម្មជាតិ (IUCN)៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...