ប្រែសម្រួល : កញ្ញាដាលីស/ប៉ាគីស្ថាន ៖ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានអះអាងកាលពីថ្ងៃសុក្រទី២០វិច្ឆិកាថា ប្រមុខអាល់កៃដា លោក អាយម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី បានស្លាប់ ដោយសារមូលហេតុធម្មជាតិ ក្រោយលេចឮពាក្យចចាមអារ៉ាមឥតស្រាកស្រាន្តទាក់ទងនឹងមរណភាពរបស់មេភេរវកររូបនេះ។
ប្រភពសន្តិសុខនៅក្នុងប្រទេសប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានបានប្រាប់សារព័ត៌មាន Arab News ថា លោកហ្សាវ៉ាហ៊ីរីបានស្លាប់ហើយដែលអាចបណ្តាលមកពីជំងឺហឺតបន្ទាប់ពីមានបញ្ហាដកដង្ហើម។
ដោយទទួលដំណឹងចុងក្រោយនៅក្នុងសារមួយនៅថ្ងៃខួប ៩/១១ សុខភាពនិងវ័យចំណាស់របស់លោកហ្សាវ៉ាហ៊ីរីបានក្លាយជាមន្ទិលជាយូរមកហើយទោះបីជារបាយការណ៍នៃមរណភាពរបស់គាត់នៅគ្រាមុនៗចុងក្រោយបង្ហាញថាមិនត្រឹមត្រូវក៏ដោយ។
វេជ្ជបណ្ឌិតដែលមានដើមកំណើតអេហ្ស៊ីបរូបនេះគឺជាមេបញ្ជាទីពីរក្រោមឱវាទរបស់អូសាម៉ា ប៊ីនឡាដិន និង បានកាន់កាប់ក្រុមភេរវករនេះ បន្ទាប់ពីមរណភាពរបស់លោកឡាដិននៅប៉ាគីស្ថានកាលពីឆ្នាំ ២០១១ ប៉ុន្តែឥទ្ធិពលរបស់អាល់កៃដាបានថយចុះហើយបច្ចុប្បន្នក្រុមនេះត្រូវគេមើលឃើញថាគ្រាន់តែជាស្រមោលនៃអតីតខ្លួនឯងប៉ុណ្ណោះ។
ប្រភពមួយក្នុងចំណោមប្រភព ដែលបាននិយាយទៅកាន់ Arab News គឺជាអ្នកបកប្រែរបស់ក្រុមអាល់កៃដា ដែលគេនិយាយបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមនេះហើយអ្នកបកប្រែនោះនិយាយថា លោកហ្សាវ៉ាហ៊ីរីបានស្លាប់នៅអាហ្វហ្គានីស្ថាន។
អ្នកបកប្រែនោះបានប្រាប់កាសែតប៉ាគីស្ថាននេះថា “គាត់បានស្លាប់ដោយសារជំងឺហឺតដោយសារគាត់មិនមានការព្យាបាលផ្លូវការ”។
មន្ត្រីសន្តិសុខប៉ាគីស្ថាននៅតំបន់កុលសម្ព័ន្ធក្បែរព្រំដែនអាហ្វហ្គានីស្ថានបាននិយាយថា “យើងជឿជាក់យ៉ាងមុតមាំថា គាត់បានស្លាប់ដោយធម្មជាតិ”បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាប់ជាប្រចាំមកនោះ។
ប្រភពប៉ាគីស្ថានម្នាក់ទៀតជាមន្ត្រីសន្តិសុខដែលដឹងអំពីប្រតិបត្តិការប្រឆាំងភេរវកម្មបាននិយាយថា ពួកគេមានព័ត៌មានថាលោកហ្សាវ៉ាហ៊ីរីបានស្លាប់ប្រហែលមួយខែមកហើយ។
ប្រភពមួយរបស់ក្រុមភេរវកម្មនេះនៅអាហ្វហ្គានីស្ថាននិយាយថា លោកហ្សាវ៉ាហ៊ីរីបានស្លាប់កាលពីដើមខែវិច្ឆិកា ហើយថាបុណ្យសព្វបានធ្វើរួចអស់ហើយដែរ៕
អាយម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរីគឺជាមេបញ្ជាទីពីរក្រោមឱវាទរបស់អូសាម៉ា ប៊ីនឡាដិន(ឆ្វេង) និង បានកាន់កាប់ក្រុមភេរវករនេះ បន្ទាប់ពីមរណភាពរបស់លោកឡាដិននៅប៉ាគីស្ថាន