ដោយៈ រ៉ាម៉ន / ភ្នំពេញៈ បើទោះបីព្រឹត្តិការណ៍ ៣ វិច្ឆិកា បានបញ្ចប់ ក៏ពិតមែន ប៉ុន្តែវិធានការបង្ការ និងទប់ស្កាត់ ការឆ្លងជំងឺ កូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណា បង្ការទប់ស្កាត់ឲ្យបាន នូវការរីករាលដាល នៃជំងឺកូវីដ-១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនបានភ្លេចយើងនោះទេ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានចុះចែកម៉ាសរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចែកនំដល់កូនក្មេង ជូនប្រជាពលរដ្ឋ ដល់តាមខ្នងផ្ទះ នៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង១ ដល់អណ្ដូង៥ និងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ក្នុងដំណើរតាមខ្នងផ្ទះ ប្រជាពលរដ្ឋ ពីមួយទៅមួយនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ម៉ាស់ចែកនេះ ជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាស់ក្រណាត់ ដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ រស់នៅមានអនាម័យ សំអាតខ្លួនប្រាណ ពិសេសគឺការលាងដៃនឹងសាប៊ូ ជែល អាកុល និងពាក់ម៉ាសជាប្រចាំ ។
លោកបានបន្តថាៈ ព្រឹត្តិការណ៍ ៣ វិច្ឆិកា បានបញ្ចប់ទាំងស្រុងហើយ តែវិធានការបង្ការ និងទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ក្នុងនាមអាជ្ញាធរ រាជធានីភ្នំពេញ គឺនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណា បង្ការទប់ស្កាត់ ឲ្យបាននូវការរីករាលដាល នៃជំងឺកូវីដ-១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ-១៩ តែ កូវីដ-១៩ មិនបានភ្លេចយើងនោះទេ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា៕/V