Home ព័ត៌មានជាតិ សង្គម នឹងមាន​ពិធីសូ...

នឹងមាន​ពិធីសូត្រមន្ត​បង្សុកូល​ឧទ្ទិស​កុសល​អ្នកស្លាប់​លើ​អតីត​ស្ពាន​នាគ​នៅ​កោះ​ពេជ្រ​គម្រប់​ខួប ១០​ឆ្នាំ នៅ​ថ្ងៃ​២២ វិច្ឆិកា​ស្អែក​នេះ

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: ជា​រៀងរាល់ឆ្នាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនបាន​ភ្លេច និង​បោះបង់ចោល នូវ​កម្មវិធី​សូត្រមន្ត​បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង​ជីវិត​ក្នុង​ឧបទ្ទវហេតុ​ជាន់គ្នា​លើ អតីត​ស្ពាន​ពេជ្រ កាលពី​យប់​ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ​២០១០ ឬ ថ្ងៃទី​៣ នៃ​ព្រះរាជ ពិធីបុណ្យ អុំទូក ឡើយ ។​

​ឆ្នាំនេះ​ទៀតសោត​ដែលជា​ឆ្នាំ​គម្រប់ ខួប​១០ ឆ្នាំ (២២ វិច្ឆិកា ២០១០-២២ វិច្ឆិកា ២០២០) អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ ខណ្ឌចំការមន​រៀបចំ​ធ្វើតាម​ប្រពៃណី​ព្រះពុទ្ធ សាសនា នៅ​ថ្ងៃ ទី ២២ ខែវិច្ឆិកា ស្អែក​នេះ ។​

​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នេះ ធ្វើ​ន​ខាងមុខ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ស្ថិត​នៅជាប់ អតីត​ស្ពាន​នាគ នៃ​តំបន់​កោះ​ពេជ្រ​ជាទី ដែល​ជនរងគ្រោះ បាន​បាត់​បង់ជីវិត កាលពី​១០​ឆ្នាំ មុន ដែល មានការ​ចូលរួម ពី​មន្ត្រីរាជការ​, អាជ្ញាធរ​ដែនដី​, សាច់ញាតិ​ក្រុមគ្រួសា​របស់​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​កន្លងទៅ ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ ខែ​មាន​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​បានកើត​ឡើង​នៅ លើ​ស្ពាន​កោះ​ពេជ្រ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​រងរបួស​ជាង ៤០០​នាក់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular